ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មី.ន ច្រានចោល​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ​ថា កម្ពុជា​បាន​ដាក់​មី.ន​ថ្មី​នៅ​ក្បែរ​ប្រាសាទ​តា​ក្របី​ ធ្វើ​ឱ្យ​កងទ័ព​ថៃ​ម្នាក់​របួស​ដា.ច់​ជើង

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​)​នៅ​យប់​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ ២០២៥…

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​)​នៅ​យប់​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ ២០២៥ បាន​ប្រកាស​ច្រានចោល ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ផ្ទុះ​មីន​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្បែរ ប្រាសាទ​តា​ក្របី និង​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ពី​សំណាក់​យោធា​ថៃ​ថា​កម្ពុជា​បាន​មីន​ថ្មី​នៅ​តាម​ព្រំដែន​។

ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​អាជ្ញាធរ​មីន​បាន​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​ឧប្បត្តិហេតុ​ខាងលើ ទាហាន​ថៃ ម្នាក់​បាន​ដើរ​ជាន់​មីន​នៅ​ក្នុង​តំបន់​ព្រំដែន ហើយ​រង​របួស​ដាច់​ប្រអប់ជើង​ខាងស្តាំ ហើយ​យោធា​ថៃ​បាន ចោទប្រកាន់​ថា​កម្ពុជា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់ និង​អនុសញ្ញា​អូ​តា​វ៉ា ដោយ​កម្ពុជា​បាន​ដាក់​មីន​ថ្មី ធ្វើ​ពី​ប្លា​ស្ទិ​ក ដែល​មិន​អាច​រក​ឃើញ​ដោយ​ឧបករណ៍​រាវ​មីន​ស្តង់ដារ​។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​មីន​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ទាហាន​ដែល​រង​គ្រោះ​ដោយសារ​មីន និង​សូម ជូនពរ​ឱ្យ​ជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ក៏​ប៉ុន្តែ​កម្ពុជា​ក៏​សូម​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ចោទប្រកាន់ ដែល​ថា កម្ពុជា​បាន​ដាក់​មិន​ថ្មី ដោយ​ការ​ចោទប្រកាន់​នេះ​មិន​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ ឬ​មាន​ភស្តុ​តាង ច្បាស់លាស់​។ កម្ពុជា​ប្តេជ្ញា​គោរព​តាម​បទ​ឈប់​បាញ់ និង​បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​រដ្ឋ ភាគី​អនុសញ្ញា​អូ​តា​វ៉ា ចាប់តាំងពី​ឆ្នាំ​២០០០ ដោយ​ដាច់ខាត​មិន​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​។ កម្ពុជា មិន​បាន​ប្រើប្រាស់ ផលិត ឬ​ដាក់​មីន​ថ្មី​ឡើយ ចាប់តាំងពី​អនុសញ្ញា​ចូល​ជា​ធរមាន​សម្រាប់​កម្ពុជា​។

អាជ្ញាធរ​មីន​កម្ពុជា​ក៏​បាន​គូសបញ្ជាក់ ដែរ​ថា​៖​តំបន់​ដែល​ឧប្បត្តិហេតុ​កើតឡើង ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ក្បែរ​ប្រាសាទ​តា​ក្របី ដែល​ជា តំបន់​មាន​មីន​ច្រើន បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុង​អំឡុង​សង្គ្រាមស៊ីវិល និង​របប​ខ្មែរក្រហម មីន​រាប់​លាន​គ្រាប់​ត្រូវ​បាន​ដាក់​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​មិន​ធ្វើ​ពី ផ្លា​ស្ទិ​ក​ផង​ដែរ ដែល​មីន​ប្រភេទ​នេះ មាន​សារធាតុ​លោហៈ​តិចតួច​ណាស់ ពិបាក​ក្នុង​ការ​រក​ឃើញ​ដោយ ប្រើប្រាស់​ឧបករណ៍​រាវ​មីន​ស្តង់ដារ​។

ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុនេះ​ដែរ អាជ្ញាធរ​មីន បាន​អំពាវនាវ​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងៀម និង​បន្ត​កិច្ច​សហ ប្រតិបត្តិការ​ចៀសវាង​ការ​បង្កើន​កំ​ដៅ​។ កម្ពុជា​សូម​ជំរុញ​ឱ្យ​ភាគី​ថៃ បង្ហាញ​នូវ​ភស្តុ​តាង និង​អនុញ្ញាត​ឱ្យ មាន​ស៊ើបអង្កេត​ឯករាជ្យ​។ កម្ពុជា​-​ថៃ គឺជា​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា និង​មាន​កាតព្វកិច្ច​រួម​ក្នុង​ការ​បោស សម្អាត​មីន​ចាស់ និង​ការពារ​មិន​ឱ្យ​មានការ​ប្រើប្រាស់​មីន​ថ្មី​។ កម្ពុជា ស្វាគមន៍​ចំពោះ​យន្តការ​ទ្វេភាគី​ដែល មាន​ស្រាប់ រួម​ទាំង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ និង​គំនិត​ផ្តួចផ្តើម​បោសសម្អាត មីន​មនុស្សធម៌​។

អាជ្ញាធរ​មីន​បាន​បញ្ជាក់​ផង​ថា​៖ កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​បាន​ប្រើប្រាស់ ហើយនឹង​មិន​ប្រើប្រាស់​មីន ប្រឆាំង​មនុស្ស​ឡើយ និង​នៅ​តែ​ប្តេជ្ញា​អនុវត្ត​តាម​អនុសញ្ញា​អូ​តា​វ៉ា និង​បទ​ឈប់​បាញ់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ