ខេត្តបាត់ដំបង ៖ ក្រោមក្រសែភ្នែកយ៉ាងមុតមាំសំឡឹងឆ្ពោះទៅមុខគួរឲ្យខ្លាច ប៉ុន្តែបែរជាមានយុវសិស្សរាប់រយនាក់បាននាំគ្នាសំរុកចូលទៅលុតជង្គង់សំពះនៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូង ភ្លូកទឹកភ្លូកដី ជាមួយនឹងដង្វាយផ្លែឈើ និងបាច់ផ្កា ដើម្បីសុំជំនួយស្មារតីពីបារមីលោកតា ជួយឲ្យពួកគេបានប្រឡង «បាក់ឌុប» ជាប់ នាថ្ងៃស្អែកនេះ ។

ចាប់តាំងពីព្រឹកព្រលឹម នាថ្ងៃទី២៧ សីហា គេឃើញផ្សែងធូបហុយទ្រលោមមិនដាច់នៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូង ។ នៅលើដងផ្លូវជុំវិញរង្វង់មូលរូបសំណាកលោកតា គេឃើញរថយន្តនិងអ្នកដំណើរឆ្លងកាត់ទៅមកយ៉ាងមមារញឹក ជាពិសេស ក្រុមយុវសិស្ស ។ ពួកគេនាំគ្នាដើរឆ្លងកាត់ផ្លូវសំដៅឆ្ពោះទៅកាន់លោកតាដំបងគ្រញូង ដើម្បីអុចធូបថ្វាយបង្គំសុំពរជ័យពីបារមីលោកតា ដើម្បីជួយឲ្យពួកគេបានប្រឡង«បាក់ឌុប»ជាប់ ។

ក្រៅពីធូបប៉ុន្មានសរសៃនៅក្នុងដៃ ក្រុមយុវសិស្សដែលជឿជាក់លើបារមីលោកតាដំបងគ្រញូង ក៏នៅមានកាន់មកជាមួយនូវដង្វាយផ្លែឈើ និងផ្កាឈូកមួយបាច់ផងដែរ ដើម្បីថ្វាយជូនលោកតាជាថ្នូរនឹងជំនួយជួយឲ្យពួកគេមានបញ្ញាវាងវៃ ស្មារតីរឹងមាំ កុំភ្លេចភ្លាំង ដើម្បីទប់ទល់ជាមួយនឹង«វិញ្ញាសារ»ក្នុងថ្ងៃប្រឡង ។ នៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូង គ្រប់ៗគ្នាបានបង្ហាញពីគោលបំណងតែមួយគត់ គឺពួកគេ «បន់ស្រន់សុំឲ្យបារមីលោកតាដំបងគ្រញូងជួយពួកគេឲ្យបានប្រឡងបាក់ឌុបជាប់» ។

ឈរញញឹមញញ៉េម ក្រោមក្រសែភ្នែកដ៏មុតមាំសំឡឹងមិនដាក់នៃរូបសំណាកលោកតាគ្រញូង
យុវសិស្សមួយក្រុម ដែលមានកាន់បាច់ផ្កា ផ្លែចេក និងធូប០៣សរសៃនៅក្នុងដៃផង បានប្រាប់ពីគោលបំណងដែលពួកគេមកបង្ហាញខ្លួននៅចំពោះមុខលោកតាដំបងគ្រញូងដូច្នេះថា «ពួកខ្ញុំមកនេះ មកអុចធូប បន់ស្រន់ សុំឲ្យបារមីលោកតា ជួយឲ្យពួកគេមានស្មារតីរឹងមាំ កុំភ្លេចភ្លាំង ចងចាំមេរៀន កុំភិតភ័យក្នុងថ្ងៃប្រឡង និងសុំបារមីលោកតា ជួយឲ្យពួកគេបានប្រឡងជាប់គ្រប់ៗគ្នា» ។

រូបសំណាកលោកតាដំបងគ្រញូង ជានិមិ្មតរូបនៅលើទឹកដីដ៏មានវ័យចំណាស់នៃអាណាចក្រខេត្តបាត់ដំបង ។ ប្រជាពលរដ្ឋខ្មែរស្ទើរមួយនគរមានជំនឿជឿជាក់យ៉ាងមុតមាំទៅលើលោកតាថា «មានបារមីខ្លាំងពូកែស័ក្ដសិទ្ធ» ។ ក្រៅពីអ្នកខេត្តបាត់ដំបង អ្នកដំណើរនានាដែលឆ្លងកាត់ ឬមកស្នាក់នៅបណ្ដោះអាសន្ន ឬមកកម្សាន្តលើទឹកដីនៃខេត្តបុរាណមួយនេះ ពួកគេមិនភ្លេចឈប់យានយន្ត ចុះទៅអុចធូបបន់ស្រន់សុំពរជ័យ សេចក្ដីសុខសប្បាយពីលោកតាដំបងគ្រញូងឡើយ ។

បើនិយាយពីក្រុមយុវសិស្ស ដែលដល់ឆ្នាំត្រូវប្រឡង «បាក់ឌុប» វិញ ស្ទើររៀងរាល់ឆ្នាំ ជិតដល់ថ្ងៃប្រឡង គេតែងឃើញពួកគេនាំគ្នាទៅអុចធូបលុតជង្គង់នៅចំពោះមុខរូបសំណាកលោកដំបងគ្រញូងហើយ ។ គោលបំណងរបស់ពួកគេមានតែមួយគត់ គឺ «សុំឲ្យបារមីដ៏ពូកែស័ក្ដិសិទ្ធិរបស់លោកតាជួយពង្រឹងដល់ស្មារតីពួកគេ ឲ្យរឹងមាំ កុំឲ្យភិតភ័យ ក្នុងថ្ងៃប្រឡង ដើម្បីទប់ទល់នឹងវិញ្ញាសារប្រឡង»។

សម្រាប់ការប្រឡង «បាក់ឌុប»ក្នុងឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ សីហា នេះតទៅហើយ ។ គ្រប់គ្នាមានជំនឿជឿជាក់យ៉ាងមុតមាំថា «បារមីដ៏ពូកែស័ក្ដិសិទ្ធិរបស់លោកគ្រញូងនឹងតាមជួយពង្រឹងស្មារតីដល់យុវសិស្សឲ្យមានសេចក្ដីក្លាហានរហូតទទួលបានជោគជ័យគ្រប់ៗគ្នា»។ ប៉ុន្តែយ៉ាងណា លោកតាជួយបានត្រឹមតែជំហរស្មារតីទេ តែចំពោះវិញ្ញាសារប្រឡង ចៅៗត្រូវពឹងលើចំណេះខ្លួនឯងហើយ ៕



ចែករំលែកព័តមាននេះ