រាជធានីភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួនប្រទេស៥ប្រទេស (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ ខេត្តបន្ទាយមានជ័យ។

ការចុះត្រួតពិនិត្យដោយផ្ទាល់របស់ក្រុមអ្នកសង្កេតការអន្តរកាលទាំង៥ប្រទេសនេះ បន្ទាប់ពីនៅរសៀលថ្ងៃទី២៥ ខែសីហា កងទ័ពទាហានសៀមបាននាំគ្នាដាក់រាយបន្លាលួសដើម្បីព័ទ្ធដីផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យប៉ុន្តែត្រូវបានប្រជាពលរដ្ឋជាច្រើនរួមគ្នាដេញនិងដកចេញវិញ ។

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៤:២០នាទីរសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ ។

បន្ទាប់មកវេលាម៉ោង១៥,១៤រសៀលថ្ងៃដដែលនេះកងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបំរុងនឹងយកបន្លាសលួសមករាយម្តងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងរបស់ថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងដែរថាចាប់តាំងតែពីយប់ថ្ងៃទី២៥ ខែសីហា ២០២៥ រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីគ្នា ធ្វើការឆ្លើយតបគឺផ្តើមចេញពីការព្រួយបារម្ភចំពោះមុខ នឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីការស្រឡាញ់ទឹកដី និងការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្របច្បាប់របស់ពួកគាត់។

លោជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដែរថា នៅក្នុងការកើតហេតុការណ៍នេះ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាយើង ដែលមិនប្រដាប់ដោយអាវុធ ហើយដែលយើងឈរជើងប្រចាំតំបន់នោះ ក៏មានវត្តមាននៅកន្លែងនោះផងដែរដើម្បីការពារ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបំពេញប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ។

ម្យ៉ាងវិញទៀត កងកម្លាំងរបស់យើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ លក្ខខណ្ឌបទឈប់បាញ់ដូចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកន្លងមករវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយបញ្ជាក់ថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។

កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)៕
ចែករំលែកព័តមាននេះ