ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុងឱកាសកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ទេយ្យទាន​ដែលលើសតម្រូវការ គួរ​ចែកជនភៀសសឹក ​និងជនរងគ្រោះដោយហេតុផ្សេងៗ​

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ ​ក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ…

រាជធានីភ្នំពេញ៖ ​ក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា។

ឯកសារនោះ ក៏បានណែនាំដល់​​គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត​សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អ ប្រសើរជូនពុទ្ធបរិស័ទប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព្រមទាំងរៀបចំបង្សុកូលឧទ្ទិសមហាកុសលជូន ដល់វិញ្ញាណក្ខន្ធវីរកងទ័ព បុព្វបុរស ជនរួមជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាម ប្រពៃណីព្រះពុទ្ធសាសនា។

យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ​ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥​ ក្នុងគោលបំណងសំខាន់ៗ ​ដូចជា បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម។ បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ។ ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា សម្តែងនូវភាពកតញ្ញូកតវេទី។ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា។
ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ។ សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ