ទីក្រុងហាណូយ៖ ខ្យល់ព្យុះទីហ្វុងឈ្មោះកាជីគិ (Kajiki) បង្កជាភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រខាងជើង និងកណ្ដាលប្រទេសវៀតណាម។ ដើមឈើត្រូវខ្យល់កាច់បំបាក់ដល់ថ្នាក់រលើងទាំងឫស។ ផ្ទះរបស់អ្នកស្រុកក៏ត្រូវទឹកជំនន់លិចផងដែរ។ គិតត្រឹមម៉ោង៨ម៉ោងសាកល ខ្យល់ព្យុះកាជីគិបក់នៅតំបន់មាត់សមុទ្រខេត្តញ៉ែអាន (Nghe An) និងហាទិញ (Ha Tinh) ដោយមានល្បឿនចន្លោះពី១១៨-១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ កាលពីមុននេះ ល្បឿនខ្យល់កើនឡើងដល់១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង។
«ខ្យល់ព្យុះនេះគួរឱ្យភ័យខ្លាចណាស់» នេះសម្ដីរបស់លោកដាំងសួនហ្វឿង (Dang Xuan Phuong) អាយុ៤៨ឆ្នាំរស់នៅទីក្រុងកឿឡូ (Cua Lo) នៃខេត្តញ៉ែអាន។ ទីនោះជាតំបន់មុខខ្យល់ព្យុះតែម្ដង។ លោកហ្វឿងប្រាប់បន្តទៀតថានៅពេលគាត់សម្លឹងមើលពីផ្ទះជាន់លើចុះមកក្រោម គាត់ឃើញរលកសមុទ្រកម្ពស់២ម៉ែត្រ។ ផ្លូវនៅម្ដុំដែលគាត់រស់នៅត្រូវទឹកលិចគ្មានសល់។
សារព័ត៌មានរបស់រដ្ឋផ្សាយថានៅតំបន់មួយចំនួននៃខេត្តហាទិញមានករណីដាច់ភ្លើងអគ្គិសនី។ ដំបូលផ្ទះ (ដែលធ្វើពីដែកស័ង្កសី។ល។) ត្រូវខ្យល់ព្យុះបក់ប៉ើងខ្ទេចខ្ទីអស់។ កសិដ្ឋានបណ្ដែតទឹកក៏ត្រូវខ្យល់បក់ឱ្យរសាត់បាត់អស់ផងដែរ។ កាលពីព្រឹកមិញ អាជ្ញាធរបិទព្រលានយន្តហោះ បិទសាលារៀន និងជម្លៀសមនុស្សបីសែននាក់ចេញពីតំបន់គ្រោះថ្នាក់។ នេះជាខ្យល់ព្យុះដ៏មានកម្លាំងបោកបក់ខ្លាំងបំផុតសម្រាប់ឆ្នាំ២០២៥នៅវៀតណាម។
រដ្ឋាភិបាលអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះដែលផ្លាស់ទីយ៉ាងឆាប់រហ័សនេះ។ ខ្យល់ព្យុះកាជីគិនឹងបង្កជាភ្លៀងធ្លាក់ ខ្លាំង ទឹកជំនន់ និងការបាក់ដី។ ផ្នែកឧតុនិយមព្យាករថាចាប់ពីល្ងាចថ្ងៃចន្ទរហូតដល់ចុងថ្ងៃអង្គារតំបន់ខ្លះនៅវៀតណាមខាងជើងអាចនឹងទទួលបានរបបទឹកភ្លៀង៥០០មិល្លីម៉ែត្រ។ នៅក្នុងស្ថានភាពនេះ រដ្ឋាភិបាលបញ្ចេញទាហានជាង១៦៥០០នាក់ និងកងទ័ពឆ័ត្រយោងជាង១សែននាក់ដើម្បីជួយដឹកជញ្ជូនមនុស្ស និងស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួន៕
ចែករំលែកព័តមាននេះ