ទីក្រុងហ្កាហ្សា៖ អ៊ីស្រាអែលវាយប្រហារដ៏ខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សាបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិចម្ភៃនាក់។ ក្នុងនោះក៏មានអ្នកសារព័ត៌មាន៥នាក់ផងដែរ។ អ្នកទាំងនេះសុទ្ធតែបានផ្ដល់អត្ថបទ និងវីឌីអូសម្រាប់ទីភ្នាក់ងារព័ត៌មានធំៗចុះផ្សាយដូចជារ៉យទ័រ (Reuters), អេភី (AP) និងអាល់ចាស៊ីរ៉ា (Al Jazeera) ជាដើម។
អ្នកនាំពាក្យកងប្រជាការពារនៅហ្កាហ្សា លោកម៉ាមូត បាសាល់ (Mahmud Bassal) ថ្លែងថារហូតមកដល់ពេលនេះចំនួនអ្នកស្លាប់កើនឡើងដល់ម្ភៃនាក់រួមទាំងអ្នកកាសែត៥នាក់ និងសមាជិកកងប្រជាការពារម្នាក់ផងដែរ។ លោកថាអ៊ីស្រាអែលវាយប្រហារមន្ទីរពេទ្យណាស៊ែ (Nasser) នៅទីក្រុងខាន់យុននីស (Khan Younis)។ ទីនោះជាមណ្ឌលសុខភាពដ៏ធំទូលាយមួយស្ថិតនៅភាគខាងត្បូង និងជាផ្ទាំងស៊ីបនៃការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែលជាច្រើនលើកច្រើនសាមកហើយ។
គិតទៅ, អ្នកសារព័ត៌មានស្លាប់យ៉ាងរង្គាលរហូតដល់ពីររយនាក់ឯណោះនៅអំឡុងពេលដែលពួកគេរាយការណ៍ព័ត៌មានអំពីសង្គ្រាមនៅហ្កាហ្សារយៈពេលជិត២ឆ្នាំ។ នេះបើយោងតាមក្រុមអ្នកឃ្លាំមើលអន្តរជាតិ។ អ៊ីស្រាអែលទទួលស្គាល់ថាខ្លួនពិតជាបានវាយប្រហារមន្ទីរពេទ្យនោះមែន។ អ៊ីស្រាអែលថានាយអគ្គសេនាធិការរបស់ខ្លួនបានចេញបញ្ជាឱ្យបើកការស៊ើបអង្កេតសំណុំរឿងនេះជាបន្ទាន់។ អ៊ីស្រាអែលថាខ្លួនសោកស្ដាយមិនគួរណាវាយប្រហារចំមនុស្សដែលគ្មានកំហុស។
អ៊ីស្រាអែលថាខ្លួនគ្មានបំណងវាយប្រហារអ្នកសារព័ត៌មានទេ។ លោកបាសាល់ថ្លែងថាមុនដំបូងគេឃើញអ៊ីស្រាអែលបញ្ជូនដ្រូន១គ្រឿងវាយប្រហារអគារមួយនៅមន្ទីរពេទ្យណាស៊ែ។ ក្រោយមក អ៊ីស្រាអែលក៏វាយប្រហារតាមអាកាសប្រាវៗនៅពេលអ្នករបួសត្រូវគេជម្លៀសចេញពីទីនោះជាបន្ទាន់។ អ្នកនាំពាក្យទូរទស្សន៍អាល់ចាស៊ីរ៉ាថ្លែងថាអ្នកថតរូបរបស់ខ្លួនម្នាក់ឈ្មោះមហាមេត សាឡាម៉ា (Mohammad Salama) បានស្លាប់នៅក្នុងការវាយប្រហារនោះ។
អាល់ចាស៊ីរ៉ាសូមថ្កោលទោសជាទម្ងន់ចំពោះអ្វីដែលខ្លួនហៅថាជាឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយយោធាអ៊ីស្រាអែលដែលវាយប្រហារ និងសម្លាប់អ្នកសារព័ត៌មានដោយចេតនា។ អាល់ចាស៊ីរ៉ាចាត់ទុកថានេះជាផ្នែកមួយនៃយុទ្ធនាការបំបិទមាត់អ្នកសារព័ត៌មានមិនឱ្យរាយការណ៍អំពីស្ថានការណ៍ពិត។ ទីភ្នាក់ងារព័ត៌មានអេភី (AP) ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនសម្ដែងការតក់ស្លុត និងសោកសង្រេងចំពោះដំណឹងថាអ្នករាយការណ៍ព័ត៌មានជាបុគ្គលិកបណ្ដែតរបស់ខ្លួនម្នាក់ឈ្មោះម៉ារៀម ដាហ្កា (Mariam Dagga) អាយុ៣៣ឆ្នាំបានស្លាប់នៅក្នុងការវាយប្រហារនោះ។ អេភីបញ្ជាក់ថាមុនពេលកើតហេតុ ខ្លួនមិនបានចាត់តាំងបុគ្គលិករូបនេះចុះទៅមន្ទីរពេទ្យណាស៊ែទេ។ មានន័យថាគាត់ទៅទីនោះដោយចិត្តឯង។
អ្នកនាំពាក្យទីភ្នាក់ងារព័ត៌មានរ៉យទ័រថ្លែងថាស្ថាប័នរបស់ខ្លួនសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាបុគ្គលិកជាប់កិច្ចសន្យារបស់ខ្លួនម្នាក់ឈ្មោះហ៊ូសាម អាល់ម៉ាស៊ីរី (Hussam al-Masri) បានស្លាប់នៅក្នុងការវាយប្រហារ។ បុគ្គលិកជាប់កិច្ចសន្យាម្នាក់ទៀតក៏ត្រូវរបួសផងដែរ។ ខាងលើនេះជាការដកស្រង់ប្រភពពីឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ