រាជធានីភ្នំពេញ៖ យុវជនស្ទាវ២នាក់ដើរលងពេលយប់បានលាក់ដាវ១ដើមនៅក្នុងកាងបំពង់សុីម៉ាំងម៉ូតូទុកការពារខ្លួន ប៉ុន្តែចៃដន្យជួបកម្លាំងនគរបាលខណ្ឌដង្កោកំពុងល្បាត ឃាត់ឲ្យឈប់ធ្វើការត្រួតពិនិត្យរកឃើញដាវនោះក៏បានចាប់ខ្លួនទាំង២នាក់ រួចនាំទៅសួរនាំនិងចាត់ការតាមច្បាប់តែម្ដង ។
ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ២១៧ ត្រង់ចំណុចតូបកាហ្វេ យីហោ«នឹកកាហ្វេ» ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១,ឈ្មោះ ច័ន្ទ វិចិត្ត្រា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្លិបស្នូកឃ័រ ស្នាក់នៅក្នុងក្លិបស្នូកឃ័រ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២,ឈ្មោះវៃ រដ្ឋា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខM9 ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នគរបាលដកហូតបានម៉ូតូ១គ្រឿងម៉ាកHnda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2024 ពាក់ស្លាកលេខ ភ្នំពេញ 1KR-8051 និងដាវកែច្នៃប្រវែង៧២សង់ទីម៉ែត្រ១ដើម ។
នគរបាលបានប្រាប់ថា នៅវេលាជិតភ្លឺថ្ងៃកើតហេតុនោះ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌ បានចេញល្បាតក្នុងមូលដ្ឋានសង្កាត់ដង្កោ ។ លុះពេលទៅដល់ត្រង់ចំណុចមុខតូបកាហ្វេយីហោ នឹកកាហ្វេ ស្ថិតនៅតាមផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យ២នាក់នោះកំពុងជិះម៉ូតូ០១គ្រឿងម៉ាក Hnda Dream C125 ខាងលើ ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមថា ដោយមានការសង្ស័យកម្លាំងល្បាតខាងលើក៏បានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យ ហើយបានរកឃើញ ដាវកែច្នៃ១ដើម ដែលជនសង្ស័យលាក់ទុកនៅក្នុងកាងបំពង់សុីម៉ាំង ។ ខណៈនោះកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង រួចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរ ហើយយុវជនស្ទាវបានឆ្លើយសារភាពថា ពួកខ្លួនលាក់ដាវកែច្នៃទុកការពារខ្លួន ពេលដើរលេងនៅពេលយប់ ។ ក្រោយទទួលបានចម្លើយសារភាពនោះហើយ និងមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នគរបាលបានកសាងសំណុំរឿងដើម្បីបញ្ជូនយុវជន២នាក់នោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ