ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា នៅវត្តបារមីខេមរាភ្នំបិតាធំ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាព្រឹកថ្ងៃទី២៥ខែសីហានេះ ។

នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដល់វីរៈកងទ័ពដែលបានពលីជីវិតនៅសមរភូមិជួរមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជាដ៏ថ្លៃថ្លាពីការឈ្លានពានរបស់សត្រូវថៃដែលបានប្រារព្ធធ្វើនៅវត្តបារមីខេមរាភ្នំបិតាធំនៃខេត្តកាណាហ្កា ដោយមានវត្តមានព្រះសង្ឃនិមន្តពីវត្តខ្មែរសាមគ្គី និងពីវត្តអង្គររតនរង្សី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ ក៏ដូចជានិស្សិត ពលករ សិក្ខាកាម សរុបប្រហែលចំនួនជាងមួយរយនាក់ បានចូលរួមក្នុងពិធីដ៏សំខាន់នេះ ។

ក្រោយចប់កម្មវិធីបុណ្យទក្ខិណានុប្បទានខាងលើ ទាំងព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទ្ធ ក៏ដូចជា បងប្អូនអ្នកចូលរួមទាំងទាំងអស់ បានដើរដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព និងបានច្រៀងរួមគ្នានូវចម្រៀងស្នេហាជាតិចំនួនបីបទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជាយើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនខ្មែរទាំងអស់ ដោយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់បំផុតចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បងប្អូនខ្មែរពីគ្រប់មជ្ឈដ្ឋាននៅខេត្តកាណាហ្កាវ៉ា ក្នុងពីធីបុណ្យដ៏មានសារៈសំខាន់មួយនេះ ដែលឆ្លុះបញ្ចាំងនូវសាមគ្គីភាពជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរនាពេលនេះ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីសកម្មភាពរបស់លោកផ្ទាល់នៅថ្ងៃទី១៣ និង១៤ ខែសីហា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ក្នុងការរួមសហការជាមួយក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន ( ESEA-JP) នៃក្រុមការងារទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ដឹកនាំដោយឯកឧត្ដម ហាំង តុលា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះវិជ្ជាជីវ:ដែលបានចុះចែកអំណោយដែលបានមកពីការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនខ្មែរទាំងអស់ នៅប្រទេសជប៉ុន ដោយបាននាំយកសម្ភារៈចាំបាច់នានា ជូនដល់វីរៈកងទ័ពនៅសឹករងខេត្តព្រះវិហារ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភាគបរិភោគជូនដល់ជនភៀសសឹកចំនួន៧០០គ្រួសារ និងជូនថវិកាមួយចំនួន ជូនដល់កងទ័ពរងរបួស ដែលសម្រាកនៅមន្ទីរពេទ្យ ។

បន្ទាប់មក ជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរសរបស់បងប្អូនខ្មែរនៅប្រទេសជប៉ុន ឯកឧត្តមឯកអគ្គរាជទូត បានជូនប័ណ្ណថ្លែងអំណរគុណជូនដល់បងប្អូនខ្មែរទាំងនោះផងដែរ ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនផងដែរអំពីសកម្មភាពរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូប្រធាន និងតំណាងអង្គទូតបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានចំនួនសរុប ៦០នាក់ ដើម្បីចុះទៅពិនិត្យនៅតំបន់ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចប្រដាប់អាវុធរវាង កម្ពុជា និងថៃ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យក្នុងគោលបំណងឱ្យភ្ញៀវបរទេសស្វែងយល់ពីសភាពការណ៍ពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាថ្មីម្តងទៀត ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការដឹងគុណមិនអាចកាត់ថ្លៃបានចំពោះវីរៈកងទ័ពដ៏អង់អាច ក្លាហានដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សត្រូវ ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលី បានចាប់បដិសន្ធិទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់វីរៈកងទ័ពជួរមុខ បានសុខសុវត្ថិភាព និងឈ្នះអស់លើសត្រូវចោរថៃឈ្លានពានទឹកដីកម្ពុជា ៕

ចែករំលែកព័តមាននេះ