ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានឪពុកម្តាយប្តឹងឱ្យនគរបាលឃាត់ខ្លួន ដោយសារតែប្រុងយកសាំងដុតផ្ទះចោល ព្រោះតែកើតចិត្តខឹងលោកឪពុកអ្នកម្តាយមិនឱ្យជិះម៉ូតូ និងដេញរូបខ្លួនចេញពីផ្ទះ ។

ការឃាត់ខ្លួនកូនចិត្តស្លុយរូបនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលឈានទៅដល់ធ្វើការឃាត់ខ្លួនបុរសជាកូនចិត្តស្លុយខាងលើ កាលពីវេលាម៉ោង០១និង០៤នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឈ្មោះ ផាប់ សុខុម ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែនដី ទៅលើឈ្មោះ សឿន កុសល់ ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាកូនបង្កើត ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ។
កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៥កន្លងទៅ ដែលពួកគាត់ជាឪពុកម្តាយកំពុងតែសំរាន្តក្នុងបន្ទប់នៅក្រោមផ្ទះ ស្រាប់តែឃើញឈ្មោះ សឿន កុសល់ បានធ្វើសកម្មភាពយកសាំងមួយកូនដបមកចាក់ប្រុងដុតផ្ទះ បណ្តាលឱ្យឆេះ ប៉ុន្តែត្រូវបានអ្នកភូមិជួយពន្លត់ទាន់ពេល ក្រោយពីធ្វើសកម្មភាពដុតផ្ទះរួច កូនប្រុសរបស់គាត់បានរត់គេចខ្លួនបាត់។

នគរបាលស្រុកសំរោងទងបានបន្តថា លុះរហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា កូនប្រុសរបស់គាត់ ឈ្មោះ កុសល់ ខាងលើ បានមករករឿងឪពុកម្ដាយនឹងកាន់ដបសាំងមករកចាក់ដុតផ្ទៈម្ដងទៀត គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗនោះ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលឃុំសែនដី បានធ្វើការឃាត់ខ្លួនបុរសជាកូនបានតែម្តង ដើម្បីយកមកសាកសួរ ក្រោយសួរនាំបុរសជាកូនបានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតផ្ទះរបស់លោកឪពុកអ្នកម្តាយពិតប្រាកដមែន ។ មូលហេតុដែលឱ្យរូបគេធ្វើបែបនោះ ក៏ព្រោះតែខឹងលោកឪពុក អ្នកម្តាយមិនឱ្យរូបគេជិះម៉ូតូ និងបណ្ដេញរូបគេចេញពីផ្ទះថែមទៀតផង ។
ក្រោយឃាត់ខ្លួនបុរសជាកូនចិត្តស្លុយខាងលើ នគរបាលដកហូតបានសាំងចំនួន០១ដបចំណុះប្រមាណកន្លះលីត្រផងដែរ។ នគរបាលស្រុកបានបញ្ជាក់ថា បច្ចុប្បន្ន បុរសជាកូនត្រូវបានឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ