ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​ស្នើ​សុំ​ភាគី​ថៃ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​កិច្ចព្រមព្រៀង​បទ​ឈប់​បា.ញ់ ដើម្បី​ជា​ផលប្រយោជន៍​ប្រជាជាតិ​ទាំង​ពីរ​កម្ពុជា​-​ថៃ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​ចូល​ដល់រ​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា​ឆ្នាំ​២០២៥ សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ មុន​ចូល​ដល់រ​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា​ឆ្នាំ​២០២៥ សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​នាម​រដ្ឋសភា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ បាន​ប្រកាស​សារ​ជា​ថ្មី គាំទ្រ​យ៉ាង​ពេញ​ទំហឹង​និង​ជឿជាក់​យ៉ាង​មោះមុត ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ប្រកាន់​ជំហរ​ដាច់ខាត ក្នុង​ការ​អនុវត្ត​យ៉ាង​ម៉ឺង​មាត់ នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​បញ្ចប់​ជម្លោះ​កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់រហ័ស និង​ស្តារ​សន្តិភាព​ពេញលេញ​ឡើង​វិញ​។

សម្តេច​បាន​គូសបញ្ជាក់​ថា ដោយ​បទ​ឈប់​បាញ់​នៅ​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ រដ្ឋសភា​កម្ពុជា ស្នើ​សុំ ភាគី​ថៃ អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដើម្បី​ជា​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជាតិ​ទាំង​ពីរ កម្ពុជា​-​ថៃ​។ ជាមួយ​គ្នា​នេះ​រដ្ឋសភា​កម្ពុជា បាន​ថ្លែងអំណរ​គុណ ដឹងគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាជន ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​កម្ពុជា តាម​រយៈ ការទូត និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។

សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់​ថា​៖«​សន្តិភាព សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ គឺជា​អាទិភាព​ស្នូល​នៃ នយោបាយ​ការ​បរទេស​របស់​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង ជា​ប្រចាំ​ស្វែងរក​សន្តិភាព និង​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង ដោយ​សន្តិវិធី ដើម្បី​កសាង​តំបន់​ព្រំដែន​របស់​យើង​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​»​។

ជា​ថ្មី​ម្តងទៀត រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​រវាង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ឯកឧត្តម ភូមិ​ថាំ វេ​ឆាយៈ​ឆៃ (Phumtham Wechayachai) នាយក​រដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរា​ជាណាចក្រ​ថៃ ដែល​បាន​ផ្តួចផ្តើម និង​សហការ​រៀបចំ​ដោយ ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar Ibrahim) នាយក រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន និង​ឯកឧត្តម ដូ​ណា​ល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋអាមេរិក ដោយ មានការ​ចូលរួម​ដ៏​សកម្ម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​សង្គ្រោះ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់​សែន​នាក់ និង​ប្រទេស​ជាតិ​ទាំងមូល​។

កិច្ចប្រជុំ​នេះ​ក៏​បាន​បើកផ្លូវ​ឱ្យ​មាន​កិច្ចប្រជុំ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កាលពី​ថ្ងៃ​៧ សីហា ឆ្នាំ​២០២៥ ដែល បាន​ឯកភាព​លើ ១៣ ចំណុច​ដ៏​សំខាន់​សម្រាប់​ការ​អនុវត្ត​បន្ត​។ សម្តេច​ប្រធានរដ្ឋ​
សភា ក៏​បាន​អំពាវ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Obser​ver Team) និង​ការ​រៀបចំ​នីតិវិធី ប្រតិបត្តិការ​ស្តង់ដា (Standard Operation Procedure) និង​លក្ខខណ្ឌ គោល (Term of Reference) នៃ​ការ​ចរចា​ដែល​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត​។ ខ្ញុំ​ក៏​សូម​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រឹងប្រែង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ជំរុញ​នូវ​កិច្ចចរចា​នេះ ដើម្បី​ឈាន​ទៅ​រក​ប្រក្រតី​ភាព ឡើង​វិញ នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ថៃ និង​សន្តិភាព​យូរអង្វែង​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​សម្តេច​រដ្ឋសភាធិបតី ក៏​បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​អន្តរជាតិ ដែល​បាន​ជួយ​ជំរុញ​ឱ្យ​មាន បទ​ឈប់​បាញ់ ឃ្លាំមើល និង​តាមដាន​សកម្មភាព​នៃ​បទ​ឈប់​បាញ់​នេះ ដើម្បី​ជំរុញ​ឱ្យ​បទ​ឈប់​បាញ់​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​រយៈ​ការ ជំរុញ​ឱ្យ​មានការ​រៀបចំ​លក្ខខណ្ឌ​ប្រតិបត្តិ នៃ​យន្តការ​តាមដាន​ត្រួត ពិនិត្យ​ការ​អនុ​វត្តបទ​ឈប់​បាញ់​របស់​ក្រុម​អ្នក​សង្កេតការណ៍​បណ្តោះ អាសន្ន (Interim Observer Team) ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ប្រទេស ម៉ា​ឡេ​ស៊ី ដើម្បី​សង្កេតការណ៍​ភ្លាម​ៗ​។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស និង​ស្ថាប័ន​ជា​មិត្ត មាន​ជា​អាទិ៍ សហភាព​អឺរ៉ុប ប្រទេស​ចិន ប្រទេស​ជប៉ុន កាកបាទក្រហមកម្ពុជា កាកបាទក្រហម​អន្តរជាតិ អង្គ​ការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ (World Vision) អង្គការ​យូ​នី​សេ​ហ្វ (UNICEF) និង​អង្គភាព​ការពារ​កុមារ (Child Protection Unit) ដែល​បាន​ផ្តល់ ជំនួយ​មនុស្សធម៌ ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់ សម្រាប់​ជួយ​ដល់​ជន ភៀស​សឹក​កម្ពុជា​រាប់​សែន​នាក់​។ ទឹកចិត្ត​សប្បុរស​នេះ​នឹង​ស្ថិត​ជាប់​ក្រឳ បេះដូង​ប្រជាជន​កម្ពុជា​ជា​និច្ច​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ និង​ជា​ថ្មី​ម្តងទៀត រដ្ឋសភា​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​បងប្អូន​គ្រួសារ​វីរ​កងទ័ព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាជន ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ សាមគ្គី​ភាពរឹងមាំ ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ទាំង​ស្មារតី ថវិកា និង​សម្ភារៈ បាន ប្រមូលផ្តុំ​គ្នា សម្តែង​មតិ​គាំទ្រ​ដល់​សន្តិភាព គាំទ្រ​ដល់​កងកម្លាំង​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​យោធិន​កម្ពុជា​ចំនួន ១៨​រូប ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំគ្រងរ​បស់ទ័ព​ថៃ​ជា​បន្ទាន់ និង​ឥត​លក្ខ​ណ្ឌ​។ សកម្មភាព​ទាំងនេះ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពង្រឹង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន និង​ការ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ និង​ឧត្តម ប្រយោជន៍​ស្នូល​របស់​ប្រជាជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ