រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាបមុខសញ្ញា ចោរកាច់សោរម៉ូតូ១ក្រុមចំនួន៦នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រួចគេចខ្លួនទៅតាមបណ្តាខេត្ត។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនី យ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងភ្នំពេញបានបើកការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦ នាក់ ដែលជាមុខសញ្ញាចោរកាច់កម៉ូតូ និងធ្លាប់ធ្វើសកម្មភាពយ៉ាង សកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម។
ប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន២ គ្រឿង
.ស្លាកលេខម៉ូតូ ចំនួន១
.សោចិញ្ចៀន ចំនួន១
.សោខ្សៀ ចំនួន៣
.ទុលឡាវីស ចំនួន៤ និងកន្ដ្រៃច្រឹប ពណ៌ក្រហម ចំនួន១។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ចែករំលែកព័តមាននេះ