ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស្វែង​រក​មេ​ខ្លោង​​ រឿង​​បង្ក្រាប​​ជន​​ឆ​បោក​តាម​​អន​ឡាញ​​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​) កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ផ្តល់​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អនុវត្ត​វិធានការ​បន្ត ពិសេស​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ភ័ស្តុតាង​ទាំងអស់ ដែល​បាន​រឹបអូស​ពី​ជន​ប្រព្រឹត្ត​បទល្មើស…

រាជធានី​ភ្នំពេញ ៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​) កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ផ្តល់​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អនុវត្ត​វិធានការ​បន្ត ពិសេស​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ភ័ស្តុតាង​ទាំងអស់ ដែល​បាន​រឹបអូស​ពី​ជន​ប្រព្រឹត្ត​បទល្មើស ក្នុងអំឡុងពេល​នៃ​ប្រតិបត្តិការ​បង្ក្រាប​នា​ពេល​កន្លង​មក ។

សម្ភារៈ​ដែល​រឹបអូស​ទាំងអស់​រួម​មាន ទូរស័ព្ទ​ដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍​អេ​ឡិចត្រូ​និក​​ជា​ច្រើន​ប្រភេទ​និង​ច្រើន​ពាន់​គ្រឿង​សុទ្ធ​សឹង​ជា​ភ័ស្តុតាង ដែល​អាច​ផ្តល់​ជា​តម្រុយ​សម្រាប់​ស្វែងរក​ក្រុម​មេខ្លោង និង​វែកមុខ​បណ្តាញ​អង្គការ​ចាត់តាំង ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ទាំង​នៅ​ក្នុង​និង​ក្រៅប្រទេស​កម្ពុជា ។ ទាំងនេះ​ជា​វិធានការ​ជា​បន្ត ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​បទបញ្ជា​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លទ្ធផល​ដែល​នឹង​ទទួល​បាន​ពី​ការ​ស្រាវជ្រាវ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដាក់​ចេញ​វិធានការ និង​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ។

សូម​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ក្រោម​ការ​ចង្អុលបង្ហាញ​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចាត់វិធានការ​បង្ក្រាប​តាម​គោលដៅ​ចំនួន​៧២​ទីតាំង ក្នុង​១៨ រាជធានី​-​ខេត្ត ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ ១៧០​នាក់ មាន​១៩​សញ្ជាតិ ។
សមត្ថកិច្ច​បាន​ចាត់វិធានការ​បញ្ជូន​មុខសញ្ញា​សង្ស័យ​ជា​មេខ្លោង​ចំនួន ៦៦​នាក់ និង​បក្ខពួក​របស់​ពួក​គេ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ខណៈ​ជនបរទេស​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ​ជាង ២ ៤៥០​នាក់ ត្រូវ​បាន​និរទេស​ចេញពី​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ដាក់​ចេញ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស ដោយ​មានការ​ចូលរួម​អនុវត្ត​សកម្មភាព​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូលរួម​ចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ