រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសព័ត៌មានស្តីពី ជនជាតិកូរ៉េខាងត្បូង ២នាក់ ត្រូវបានចោទប្រកាន់ ពាក់ពន្ធនឹងករណីគ្រឿងញៀន ទម្ងន់ប្រមាណ២គីឡូក្រាម បម្រុងជិះយន្តហោះដឹកចេញទៅប្រទេសក្រៅ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃការិយាល័យប្រឆាំបទល្មើសគ្រឿងញៀនឆ្លងដែន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ HAN KWANGSU ភេទប្រុស កើតឆ្នាំ២៩៨៣ ជនជាតិកូរ៉េខាងត្បូង។ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ CHO WONJUN ភេទប្រុស កើតឆ្នាំ១៩៨៨ ជាជនជាតិកូរ៉េខាងត្បូង ដែលពាក់ពន្ធក្នុងករណីគ្រឿងញៀនខាងលើ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានវត្ថុតាងគ្រឿងញៀន ជាប្រភេទកេតតាមីន(KETAMINE) ទម្ងន់ ១.៩៨៣ក្រាម ។
ក្រោមបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង២នាក់ ខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ពន្ធនឹងករណីគ្រឿងញៀនខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ និងបក្ខពួកពីបទ.ដឹកជញ្ជូន និងផ្តើមគំនិតក្នុងអំពើដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យទាំង២នាក់ ជាផ្លូវការ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំកាត់ទោសតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ