កម្ពុជា-វៀតណាម បានប្ដេជ្ញារួមគ្នាទប់ស្កាត់ចរាចរណ៍ផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ ឱសថបុរាណ និងផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ឬក្លែងបន្លំ ឬអន់គុណភាព។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កម្ពុជា-វៀតណាម លើកទី២១ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប។
ក្រសួង បានបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល លើខ្លឹមសារសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី២១។ ក្នុងនោះដែរ ចំពោះវិស័យសុខាភិបាល គឺ១) ភាគីវៀតណាមបន្តផ្តល់សេវាថែទាំសុខភាព និងការព្យាបាលអ្នកជំងឺកម្ពុជា ដូចគ្នានឹងពលរដ្ឋវៀតណាមដែរ ២) ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីចត្តាឡីស័ក ឆ្នាំ២០០៦ និងពិភាក្សាអំពីលទ្ធភាព នៃកិច្ចព្រមព្រៀងថ្មី ព្រមទាំងបន្តលើកទឹកចិត្តអាជ្ញាធរខេត្តនៅតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងជំងឺឆ្លង ៣) រួមគ្នាទប់ស្កាត់ចរាចរណ៍ផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ ឱសថបុរាណ និងផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ឬក្លែងបន្លំ ឬអន់គុណភាព ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងCLMV ៤) ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា សិក្ខាសាលា ឬសន្និសីទស្តីពីការថែទាំសុខភាព៕
ចែករំលែកព័តមាននេះ