ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​កន្ទុយបារី​ចោល​ឆាបឆេះ​សម្ភារៈ និង​ទុយោ​ម៉ាស៊ីនត្រជាក់​គរ​លើដំបូល ​ផ្អើល​សង្កាត់​អូរ​បែក​ក្អម

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ភារៈ​ចាស់​ៗ និង​ទុយោ​ម៉ាស៊ីនត្រជាក់​គរ​ទុក​ចោល​នៅ​លើដំបូល​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ។…

រាជធានី​ភ្នំពេញ ៖ សម្ភារៈ​ចាស់​ៗ និង​ទុយោ​ម៉ាស៊ីនត្រជាក់​គរ​ទុក​ចោល​នៅ​លើដំបូល​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១:១០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​លេខ​២៥M ផ្លូវលំ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​លើដំបូល​ជាន់​ទី​១ នៃ​ផ្ទះល្វែង​យ៉ាង​សន្ធោសន្ធៅ និង​ផ្សែង​ខ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ។

​តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១:៣០​នាទី​រសៀល នា​ថ្ងៃខែ​ឆ្នាំ​ដដែល ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ ។

​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ទុយោ​ម៉ាស៊ីនត្រជាក់ រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន ដែល​ស្តុក​ទុក​នៅ​លើដំបូល​បាន​រង​ការ​ខូចខាត។

​ទាក់ទង​នឹង​ការ​កើត​មាន​អគ្គិភ័យ​នេះ នគរបាល​បាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​បោះ​កន្ទុយបារី​ចោល បង្ក​ឲ្យ​ឆេះ​ទុយោ​ជ័រ​ម៉ាស៊ីនត្រជាក់ ក្លាយជា​អគ្គិភ័យ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ