រាជធានីភ្នំពេញ ៖ បុរសម្នាក់បានវាយធ្វើបាប និងយកកាំបិតបុ័ងតោ កាត់ម្រាមកូនដៃប្រពន្ធអត់ខាន់ស្លារបស់ខ្លួន បណ្ដាលឲ្យដាច់រងរបួស ហើយក៏ត្រូវបានស្ត្រីម្នាក់ ត្រូវជាបងថ្លៃ ប្ដឹងឲ្យនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
អំពើហិ.ង្សាខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសនោះឈ្មោះ កៀន ឆារ៉ូ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកសារព័ត៌មាន ក្រោយពេលចាប់ខ្លួន នគរបាលដកហូតបានកាំបិតប៉័ងតោ០១ ចំណែកស្ត្រីជាប្រពន្ធ ដែលបានរងរបួសឈ្មោះ ស្រី ដាលីស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកើតហេតុខាងលើ ។
នគរបាលបានប្រាប់ថា ប្ដីប្រពន្ធ១គូនេះ យកគ្នាដោយមិនបានរៀបការនោះទេ និងរស់នៅក្រោមដំបូលផ្ទះជួលជាមួយគ្នា រយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកូននៅឡើយទេ ព្រមទាំងជួបរឿងរកាំរកូសរស់នៅមិនចុះសម្រុងនឹងគ្នាសោះ អ្នកទាំង២ តែងតែឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់។ ដោយឡែកនៅវេលាយប់ថ្ងៃកើតហេតុ អ្នកទាំងពីរ បានឈ្លោះប្រកែកគ្នាម្ដងទៀតពេលនោះជនសង្ស័យជាប្ដីអត់ខាន់ស្លា ក៏បានធ្វើសកម្មភាពវាយទាត់ធាក់ និងយកអំបោសវ៉ៃក្បាល ប្រពន្ធ ព្រមទាំងចាប់អូសនាងចូលទៅក្នុងបន្ទប់ រួចបិតទ្វារខ្ទាស់គន្លឹះពីខាងក្នុងជាប់ និងយកកាំបិតប៉័ងតោ គំរាមកាប់សម្លាប់នាងចោល ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកជននេះ បានឲ្យប្រពន្ធយកម្រាមកូនដៃស្ដាំ ដាក់លើជ្រុញ ដើម្បីឲ្យខ្លួនកាត់ចោល ពេលនោះនាងបានរើបម្រាស់មិនព្រមទេ ប៉ុន្តែជបនេះគំរាមបើមិនធ្វើតាមទេ ខ្លួននឹងវាយធ្វើបាបថែមទៀត ដោយសារតមានការភ័យខ្លាច នាងប្រពន្ធក៏ដាក់ម្រាមកូនដៃខាងស្ដាំនៅលើជ្រុញ ហើយប្ដីកំណាចរូបនោះ ក៏បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាត់ផ្ដាច់តែម្ដង។ ក្រោយពេលឃើញនូវទង្វើដ៏សាហាវឃោរឃៅនោះ ស្ត្រីម្នាក់ទៀត ដែលត្រូវជាបងបង្កើតនាងជាប្រពន្ធ ក៏បានប្ដឹងនគរបាលប៉ុស្តិ៍ព្រៃសឲ្យជួយអន្តរាគមន៍ ទើបនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យ រួមទាំងកាំបិតបុ័ងតោ រួចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យបានឆ្លើយខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើនោះមែន ។
ក្រោយពីការសាកសួរ និងកសាងសំណុំរឿងរួចរាល់ នៅវេលាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នគរបាលខណ្ឌដង្កោ បានបញ្ជូនជនដៃដល់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ហើយ ៕


ចែករំលែកព័តមាននេះ