រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចម៉ូតូ និងស្លាកលេខរថយន្ត យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានចំនួនពីរនាក់ បន្ទាប់ពីធ្វើសកម្មភាពលួច ចំនួន២ករណីផ្សេងគ្នា ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ ឃឹម រដ្ឋា ហៅតុង ភេទប្រុស អាយុ៣៥ឆ្នាំ និង ២-ឈ្មោះ ហេង រត្នវិបុល ហៅ បុល ភេទ ប្រុស អាយុ៣៨ឆ្នាំ ។
តាមនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះ មួយគ្រឿង និងផ្លាកលេខរថយន្តរបស់ជនរងគ្រោះចំនួន២បន្ទះ និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត ។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញា ដែលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (លួច ម៉ូតូ និងស្លាកលេខរថយន្ត) ចំនួន២ករណី ៖ ករណីទី១ លួចយកម៉ូតូ នៅចំណុច មុខផ្ទះលក់បង្អែម ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងករណីទី២ លួចមាន ស្ថានទម្ងន់ទោស (លួចយកស្លាកលេខទ្បាន) នៅចំណុច ផ្លូវ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់។ ចំណែកបក្ខពួក ដែលនៅសេសសល់សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមឃាត់ខ្លួនឲ្យដល់ឬសគល់តែម្ដង ៕





ចែករំលែកព័តមាននេះ