ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីការពារប្រជាជនរបស់លោកពីការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ ហើយថែមទាំងបានអំពាវនាវឱ្យប្រទេសឥណ្ឌាលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង។ នេះបើតាមប្រភពពីសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យប្រទេសឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា លោក ណារិនដ្រា ម៉ូឌី បានប្រកាសថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារសិទ្ធិប្រជាជនឥណ្ឌា ជាពិសេសកសិករ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា «កសិករ អ្នកនេសាទ និងអ្នកគង្វាលគោជាអាទិភាពចម្បងរបស់យើង។ ខ្ញុំ ម៉ូឌី នឹងឈរជាជញ្ជាំងប្រឆាំងនឹងគោលនយោបាយណាមួយ ដែលគំរាមកំហែងផលប្រយោជន៍របស់ពួកគេ។ ឥណ្ឌានឹងមិនធ្វើការដោះដូរណាមួយ នៅពេលនិយាយអំពីការការពារផលប្រយោជន៍ កសិករយើងនោះទេ»។
ទន្ទឹមជាមួយគ្នានោះ លោកក៏បានអំពាវនាវឱ្យប្រទេសឥណ្ឌា បង្កើនការពឹងផ្អែកលើខ្លួនឯង ដោយឆ្ពោះទៅរកការផលិតអ្វីៗគ្រប់បែបយ៉ាងរាប់ចាប់ពីជី រហូតដល់ម៉ាស៊ីនយន្តហោះ និងអាគុយរថយន្តអគ្គិសនី។
សារដ៏សំខាន់ពីលោក ម៉ូឌី បានធ្វើឡើងខណៈដែលឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ពោលជាង១,៤៦ពាន់លាននាក់ កំពុងស្ថិតនៅក្នុងការចរចាពាណិជ្ជកម្មដ៏តានតឹងជាមួយនឹងសហរដ្ឋអាមេរិក។ បន្ទាប់ពីការចរចារ៥ជុំកន្លងមក នៅទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោន មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីពន្ធគយនៅឡើយទេ ដោយឥណ្ឌាប្រឈមមុខនឹងការយកពន្ធពីអាមេរិករហូតដល់ ២៥% ហើយនៅចំពោះមុខអាមេរិក ឥណ្ឌាបានរក្សាជំហរដ៏តឹងតែងរបស់ខ្លួនលើបញ្ហាជាច្រើនដូចជា កសិកម្ម និងការនាំចូលថាមពលពីរុស្ស៊ី។
ក្នុងសុន្ទរកថារយៈពេល២ម៉ោង នាយករដ្ឋមន្ត្រីឥណ្ឌាក៏បានបង្ហើបថា លោកនឹងធ្វើកំណែទម្រង់ពន្ធលើទំនិញ និងសេវាកម្ម (GST) ក្នុងឱកាសនៃពិធីបុណ្យឌីវ៉ាលី (Diwali) ដែលជាពិធីបុណ្យសាសនាហិណ្ឌូដ៏សំខាន់បំផុត និងធំបំផុត ដោយគ្រោងនឹងធ្វើឡើងនៅក្នុងខែតុលាខាងមុខនេះ។ លោក ម៉ូឌី បានអះអាងដូច្នេះថា «ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ យើងបានធ្វើកំណែទម្រង់សំខាន់ៗក្នុងប្រព័ន្ធពន្ធលើទំនិញ និងសេវាកម្ម។ កំណែទម្រង់បន្ទាប់ដែលយើងកំពុងជំរុញ នឹងកាត់បន្ថយបន្ទុកពន្ធនៅទូទាំងប្រទេស»។
សេចក្តីប្រកាសរបស់លោក ម៉ូឌី កើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកកំពុងតែពិចារណាលទ្ធភាពដើម្បីសម្រួលរចនាសម្ព័ន្ធពន្ធលើទំនិញ និងសេវាកម្ម។ កំណែទម្រង់ដែលកំពុងត្រូវបានពិចារណារួមមានទាំងការកាត់បន្ថយអត្រាថ្នាក់ពន្ធ និងការកាត់បន្ថយអត្រាពន្ធសម្រាប់ផលិតផលមួយចំនួនផងដែរ ក្រោមរបបពន្ធដែលបានណែនាំនៅក្នុងឆ្នាំ២០១៧។ ដ្បិតបច្ចុប្បន្នឥណ្ឌាអនុវត្តពន្ធលើទំនិញ និងសេវាកម្មក្នុងអត្រា ៥%, ១២%, ១៨% និង ២៨% លើទំនិញ និងសេវាកម្មភាគច្រើន។
លោកក៏បានប្រកាសថា ឥណ្ឌានឹងបង្កើតប្រព័ន្ធការពារប្រទេសថ្មីមួយហៅថា «កងចក្រ» ឬ «Sudarshan Chakra» បន្ទាប់ពីជម្លោះយោធារយៈពេល៤ថ្ងៃជាមួយប៉ាគីស្ថាន កាលពីខែឧសភា។
លោកមិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រព័ន្ធការពារថ្មីនេះមានគោលបំណងបន្សាបការជ្រៀតចូលរបស់សត្រូវ និងពង្រឹងសមត្ថភាពវាយលុករបស់ឥណ្ឌា។ បើទោះបីជាមិនបញ្ជាក់លម្អិតក៏ពិតមែន ប៉ុន្តែគេជឿថា វិស័យការពារជាតិ និងគោលនយោបាយរបស់ឥណ្ឌាចង់សំដៅដល់ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ដែលដើរតួយ៉ាងសំខាន់អំឡុងពេលការប្រយុទ្ធជាមួយប៉ាគីស្ថាន៕

ចែករំលែកព័តមាននេះ