ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការបើកសវនាការសំណុំរឿងគ្រូមា និងបក្ខពួកពាក់ព័ន្ធទទួលសំណូក៣០ម៉ឺនដុល្លារចូល​គយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ឧកញ៉ា លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​បក្ខពួក មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ ពោល​គឺ​ស៊ីសំណូក​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​ទៅ​រត់ការ​ដើម្បី​ចូល​ក្រប​ខណ្ឌ​គយ តែ​សម្ងំ​ស៊ីដាច់ ព្រោះ​មិន​បាន​ជោគជ័យ ។ សវនាការ​នេះ បាន​ធ្វើ​ឡើងជា​សាធារណ ដោយ​មាន​លោកស្រី យី សុខ​វួ​ច ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូងរាជធានី​ភ្នំពេញ ។

សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ត្រូវ​ចោទ​៤​នាក់ ៖
១-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា
២-​ឈ្មោះ មួ​ង ឃី​ម
៣-​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ​ចែ​មួយ
៤-​ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ​ស្រី​មុំ
ជន​ត្រូវ​ចោទ​សុទ្ធតែ​មាន​មេធាវី​ការពារ​ក្តី​រៀង​ៗ​ខ្លួន ។

សវនាការ​បាន​សាកសួរ​ដេញដោល​រហូត​ដល់ទី​បញ្ចប់ ប៉ុន្តែ​ដោយ​វេលា​ល្ងាច​ប្រធាន​ក្រុមប្រឹក្សា បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់ ។
សូម​ជម្រាប​ថា នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ព័ត៌មាន​ទាក់ទង​សំណុំរឿង​សម្ល​កំ​ពិស​គ្រូ​មា លី សា​ម៉េ​ត ថា មាន​ស្ត្រី​២​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​នេះ តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​៤​នាក់ ៖

១-​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ​ចែ​មួយ
២-​ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ​ស្រី​មុំ
៣-​ឈ្មោះ មួ​ង ឃី​ម
៤-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា

ពី​បទ​ប៉ុនប៉ង​សូកប៉ាន់ តាម​មាត្រា​២៧ និង​មាត្រា​៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់ ស្តី​ពី​ការ​ប្រឆាំង​អំពេ​ី​ពុក​រលួយ ។ ក្រោយ​ពី​ចោទប្រកាន់​ជា​ផ្លូវការ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី ។
នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង ពាក់ព័ន្ធ​ពី​បទ​”​ប៉ុនប៉ង​សូកប៉ាន់​”​នេះ ដោយ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧៦៧៩ ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់ ។​

មាន​ជន​ត្រូវ​ចោទ​មាន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់ ។ ចំណែក​ជន​ត្រូវ​ចោទ​២​នាក់​ទៀត គឺ​១-​ឈ្មោះ មួ​ង ឃី​ម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ (​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​) និង​២-​ឈ្មោះ លី សា​ម៉េ​ត ភេទ​ប្រុស អាយុ​៧១​ឆ្នាំ​(​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ក្នុង​បទ​សូកប៉ាន់ ។ ប្រ​ព្រឺ​ត្ត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០២១ ។ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា​២៧ និង​មាត្រា​៦០៥ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣២ នៃ​ច្បាប់ ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ដំណើររឿង​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​នេះ គឺ​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី បាន​ពឹងពាក់​ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ បាន​យក​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ឈ្មោះ មួ​ង ឃី​ម និង​ឈ្មោះ លី សា​ម៉េ​ត ដោយ​មាន​ចេតនា​ដើម្បី​សូកប៉ាន់ ក្នុង​គោលបំណង​ឲ្យ​កូនប្រុស​ចូល​ធ្វើ​ជា​មន្ត្រី​គយ ខេត្តកំពង់ឆ្នាំង ។

បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ភស្តុ​តាង ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជា​ណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី និង​ឈ្មោះ ហ៊ើ​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី ។

បញ្ជាក់ ឈ្មោះ លី សា​ម៉េ​ត និង​ឈ្មោះ មួ​ង ឃី​ម ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ ក្នុង​សំណុំ​រឿង​ផ្សេង​មុន​នេះ​រួច​ទៅ​ហើយ និង​កាលពី​ព្រឹក​ថ្ងៃ​១៣ សីហា ២០២៥ សំណុំរឿង​រត់ការ​ដោះ​ដូរ​ដី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បាន​បើក​សវនាការ​រួច​ហើយ មាន​ជន​ត្រូវ​ចោទ​៤​នាក់ គឺ​ឈ្មោះ ដួង តារា​, លី សា​ម៉េ​ត​, មួ​ង ឃី​ម និង អ៊ុត ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ