ខេត្តកំពត៖ កងទ័ពកម្ពុជាជាច្រើននាក់ ទទួលបានការអប់រំចិត្តសាស្ត្រ ស្តីពី សភាពការណ៍ថ្មីៗ ផ្ទៃក្នុងប្រទេស សភាពការណ៍ផ្ទៃក្នុងតំបន់ ពិសេសផ្សព្វផ្សាយពីសភាពការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងជឿជាក់លើការសម្រេចចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះ ស្រាយបញ្ហានៅតាមព្រំដែនរវាងកម្ពុជា-ថៃ។
យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពត បានផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រ ស្តីពីសភាពការណ៍ថ្មីៗ ផ្ទៃក្នុងប្រទេស សភាពការណ៍ផ្ទៃក្នុងតំបន់ ពិសេសផ្សព្វផ្សាយពីសភាពការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលឲ្យមានសង្រ្គាម នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទើប ឯកភាពមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
ឧត្ដមសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានផ្សព្វផ្សាយពីគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាព ដោយជ្រើសរើសយកយុទ្ធសាស្ត្រដោះស្រាយបញ្ហាព្រំដែនដោយសន្ថិវិធី ដើម្បីបញ្ជៀសសង្រ្គាម រវាងប្រទេសទាំងពីរ ដែលនាំឲ្យមានផលប៉ះពាល់ដល់មិត្តភាព ប្រជាជន និងសង្គមជាតិទាំងពីរ និងក្រោមការដឹកនាំដ៏ឈ្លាតវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានការយកចិត្តទុកដាក់លើគោលជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈការទូត និងផ្លូវច្បាប់ ការពង្រឹងយន្តការទំនាក់ទំនងទ្វេភាគី និងត្រីភាគី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ)ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ការរក្សាវត្តមានកងទ័ព និងគ្រប់គ្រងសភាពការណ៍ជាប់ជាប្រចាំ តាមតំបន់ព្រំដែន ក្នុងគោលដៅជំរុញការអភិវឌ្ឍតាមព្រំដែន ។ ការអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាន យល់ដឹងពីតួនាទី ភារកិច្ច និងលើកទឹកចិត្តឲ្យយោធិនគ្រប់រូបត្រូវហានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីមិនឲ្យខ្មាំងសត្រូវណាមកឈ្លានពានលើដឹកដីយើងបានឡើយ និងត្រៀមខ្លួនជាស្រេចនូវគ្រឿងបំពាក់ មធ្យោបាយគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។
ក្នុងឱកាស នោះដែរលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត ក៏បានលើកឡើងពីសារៈសំខាន់ពីតួនាទីភារកិច្ចរបស់នាយទាហាន នាយទាហានរង និងពលទាហានក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្រ្តការពារជាតិ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ការពារអធិបេតយ្យភាព បូរណភាពទឹកដីយើងទាំងអស់គ្នា រក្សាឲ្យបានសុខសន្តិភាព សុវត្តិភាពជូនប្រជាជន និងសង្គមជាតិ ។ នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករង កំពត បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យឲ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទី ជាកងកម្លាំងស្នូលនិងឈានមុខក្នុងការថែរក្សាការពារសន្តិភាព និងផលប្រយោជន៍ជាតិ ព្រមទាំងចូលរួមក្នុងបុព្វហេតុនានាសម្រាប់ផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក ៕
ចែករំលែកព័តមាននេះ