ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ខិត​ខំ​ប្រមូ​ល​កម្លាំង​គាំទ្រ​នៅ​អឺរ៉ុប​មុន​ជំនួប​កំពូល​ត្រាំ​-​ពូទីន

2 នាទី មុន

ទី​ក្រុង​ឡុង​៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី កំពុង​បំពេញ​បេសក​កម្ម​នៅ​អឺរ៉ុប​ដើម្បី​ប្រមូល​កម្លាំង​គាំទ្រ​​​មុន​ពេល​ជំនួប​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នៅ​ថ្ងៃ​សុក្រ​។ មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​ លោក​ហ្សេឡិន​ស្គី​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស បន្ទាប់​ពី​លោក​​បញ្ចប់​ទស្សន​កិច្ច​នៅ​​​ប្រទេស​អាល្លឺម៉ង់​។ ​អ៊ុយ​ក្រែន…

ទី​ក្រុង​ឡុង​៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី កំពុង​បំពេញ​បេសក​កម្ម​នៅ​អឺរ៉ុប​ដើម្បី​ប្រមូល​កម្លាំង​គាំទ្រ​​​មុន​ពេល​ជំនួប​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នៅ​ថ្ងៃ​សុក្រ​។ មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​ លោក​ហ្សេឡិន​ស្គី​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស បន្ទាប់​ពី​លោក​​បញ្ចប់​ទស្សន​កិច្ច​នៅ​​​ប្រទេស​អាល្លឺម៉ង់​។ ​អ៊ុយ​ក្រែន និង​អឺរ៉ុប​កំពុង​តែ​​បារម្ភ​មិន​តិច​​ទេ​​​ថា​​លោក​ត្រាំ និ​ងលោក​ពូទីន​​អាច​នឹង​អត្ត​នោម័ត​តែ​២​នាក់​ ហើយ​សម្រេច​កាត់​ដី​ទាំង​ដុំ​ៗ​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ចរ​ចាឆាប់​ត្រូវ​រ៉ូវ​​គ្នា​​។

ប៉ុន្តែ​លោក​ត្រាំ​ទើប​តែ​បញ្ជាក់​ជំហរ​ថា​មិន​មែន​ជួប​គ្នា​ត្រឹម​តែ​ម្ដង​នេះ​ចប់​ទេ​។ លោក​​ថ្លែង​​ថា​នឹង​មាន​កិច្ច​ជំនួប​ត្រី​ភាគី​រវាង​រូប​លោក​ ជា​មួយ​លោក​ហ្សេ​ឡិន​ស្គី​ និង​លោក​ពូទីន​។ ​ម៉្យាង​ទៀត​ លោក​សន្យា​ថា​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​នោះ​លោក​នឹង​ខិត​ខំ​ទាម​ទារ​មក​វិញ​ខ្លះ​។ គម្រោង​ជួប​គ្នា​នៅ​អាឡាស់​ស្កា​​​កើត​ឡើង​ចំ​ពេល​ដែល​ស្ថាន​ការណ៍​សឹក​នៅ​អ៊ុយ​ក្រែន​កំពុង​ឡើង​កម្ដៅ​​ក្ដៅ​ខ្លាំង​។ ​​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​ដើម្បី​បង្ហាញ​ថា​ខ្លួន​មាន​ប្រៀប​នៅ​លើ​សមរភូមិ​យោធា​​។

លោក​ហ្សេឡិនស្គី និង​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ជួប​គ្នា​លើក​នេះ​ដើម្បី​ពង្រឹង​បន្ថែម​ពី​លើ​កម្លាំង​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ថ្មី​ៗ​នេះ​នៅ​ក្នុង​កិច្ច​ជំនួប​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​កាល​ពី​យប់​មិញ​រវាង​លោក​ហ្សេឡិនស្គី​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​ អង្គ​ការ​ណាតូ និង​លោក​ត្រាំ​។ កាល​ពី​យប់​មិញ លោក​ត្រាំ​ព្រមាន​ថា​រុស្ស៊ី​នឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​បើ​សិន​លោក​ពូទីន​មិន​ព្រម​បញ្ចប់​សង្គ្រាម​។ លោក​មិន​បាន​បញ្ជាក់​ថា​នឹង​មាន​ផល​វិបាក​អ្វី​ទេ​។ ប៉ុន្តែ​គេ​ធ្លាប់​ឮ​លោក​ព្រមាន​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ការ​ជួប​គ្នា​ពី​ចម្ងាយ​កាល​ពី​ម្សិល​មិញ​​​ជា​​ព្រឹត្តិ​ការណ៍​សំខាន់​ដើម្បី​ពង្រឹង​ការ​រួប​រួម​កម្លាំង​គ្នា​នៃ​តំបន់​អន្តរ​អាត្លង់​ទិច (អឺរ៉ុប និង​អាមេរិក)។ លោក​ថា​យើង​ត្រូវ​ការ​សន្តិ​ភាព​អម​ដោយ​ការ​ពង្រឹង​កម្លាំង​របស់​យើង​ឱ្យ​បាន​ខ្លាំង​​ក្លា​សម្រាប់​ជា​បាត​គ្រឹះ​នៃ​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​សុខ និង​ស្ថិរ​ភាព​នៅ​លើ​សាកល​លោក​។

ហ្សេឡិនស្គី​​ថ្លែងថា​លោក​បាន​ប្រាប់​លោក​ត្រាំ​រួច​ហើយ​​ឱ្យ​ប្រយ័ត្ន​ឱ្យ​មែន​ទែន​, ប្រយ័ត្ន​ចាញ់​ការ​បោក​បញ្ឆោត​របស់​លោក​ពូ​ទីន​។ អ្វី​ដែល​លោក​ពូទីន​ថា​គាត់​មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​នោះ​គ្រាន់​តែ​ជា​​ការ​​និយាយ​បញ្ឆោត​​ចិត្ត​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​​។ មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​អះ​អាង​ថា​លោក​ត្រាំ​គាំទ្រ​​ការ​ធានា​សន្តិ​សុខ​ជាតិ​សម្រាប់​អ៊ុយ​ក្រែន​ក្រោយ​ពេល​ចប់​សង្គ្រាម​។ ​ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​ ក៏​និយាយ​ស្រដៀង​គ្នា​នឹង​លោក​ហ្សេឡិនស្គី​ផង​ដែរ​ថា​លោក​ត្រាំ​ពិត​ជា​គាំទ្រ​ដូច្នេះ​មែន​។​​

ក្រឡេក​ទៅ​មើល​សមរ​ភូមិ​យោធា​នៅ​អ៊ុយ​ក្រែន​វិញ​ម្ដង​ លោក​ហ្សេឡិនស្គី​អះ​អាង​ថា​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ​នៅ​សប្ដាហ៍​នេះ​​ កង​ទ័ព​រុស្ស៊ី​វាយ​យក​បាន​ដី​ជម្រៅ​ពី​៩-១០​គី​ឡូ​ម៉ែត្រ​ក្បែរ​ទី​ក្រុង​ដូ​ប្រូ​ភីលា (Dobropillia) នៃ​តំបន់​ដូញែត​។ ប្រភព​ខ្លះ​ថា​អ៊ុយ​ក្រែន​បាត់​បង់​កម្លាំង​យុទ្ធ​ជន​អស់​ច្រើន​។ ម៉្លោះ​ហើយ​សុខ​ចិត្ត​ដក​ខ្លួន​ថយ​ជា​ជាង​ប្រយុទ្ធ​យក​ស្លាប់​រស់​នាំ​ឱ្យ​ចាញ់​ប្រៀប​រុស្ស៊ី​កាន់​តែ​ខ្លាំង​។

មជ្ឈ​ដ្ឋាន​ខ្លះ​បារម្ភ​ថា​នៅ​ពេល​​​មាន​ប្រៀប​នៅ​លើ​សមរភូមិ​យោធាដូច្នេះ​ ​រុស្ស៊ី​មិន​ប្រាកដ​ជា​ធ្វើ​​តាម​ការ​​ទាម​ទារ​របស់​អ៊ុយ​ក្រែន និង​អឺរ៉ុប​ទេ​​។ មាន​ន័យ​ថា​អ្វី​ដែល​រុស្ស៊ី​ចង់​សម្រេច​គោល​ដៅ​នៅ​ក្នុង​សង្គ្រាម​នេះ​គឺ​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​។ នោះ​គឺ​​អ៊ុយ​ក្រែន​ត្រូវ​តែ​ជា​ប្រទេស​អព្យាក្រិត​ មិន​ចូល​បក្ស​សម្ព័ន្ធ​ (ជា​ពិសេស​ មិន​ចូល​ណាតូ), អ៊ុយ​ក្រែន​មិន​ត្រូវ​ដឹក​នាំ​ដោយ​របប​ណាហ្ស៊ី​, អ៊ុយ​ក្រែន​ត្រូវ​កាត់​ទឹក​ដី​ខ្លះ​ទោ​ឱ្យ​រុស្ស៊ី​។ល។​ និង​។ល។​ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ