ទីក្រុងម៉ូស្គូ៖ មួយថ្ងៃមុនការជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីននៅអាឡាស់ស្កា អ៊ុយក្រែនបញ្ជូនដ្រូនមួយហ្វូងទៅវាយប្រហារអគារនានានៅតំបន់រ៉ូស្តូសអូនដូន (Rostov-on-Don)។ បណ្ដាញតេឡេក្រាមរបស់រុស្ស៊ីបង្ហោះវីឌីអូដែលបង្ហាញដ្រូនរបស់អ៊ុយក្រែនវាយប្រហារតំបន់នោះ និងបង្កជាភ្លើងឆេះសន្ធោសន្ធៅ។ អាជ្ញាធរប្រចាំតំបន់កើតហេតុអះអាងថាមនុស្សយ៉ាងតិច១៣នាក់រងរបួស, ក្នុងនោះ ២នាក់រងរបួសធ្ងន់។
នៅក្នុងវីឌីអូឃ្លីបដែលគេបង្ហោះតាមបណ្ដាញសង្គម គេឃើញដ្រូនហោះដោយសន្សឹមៗពីលើអគារដែលត្រូវវាយប្រហារនៅទីក្រុងរបស់រុស្ស៊ីភាគខាងត្បូងមួយនេះ។ បន្ទាប់មក ដ្រូនក៏សម្រូតខ្លួនចុះ និងចុចបំផ្ទុះគ្រាប់បែកតែម្ដង។ លោកយូរី ស្ល៊ីយូសា (Yury Slyusar) ជាអភិបាលស្ដីទីតំបន់រ៉ូស្តូសមានប្រសាសន៍ថាអគារអាផាតមេនទាំងនោះរងការខូចខាតដោយសារដ្រូន។ លោកថាអ្នករបួសទាំងនោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។
ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ធ្លាក់ដ្រូនរបស់អ៊ុយក្រែន៨គ្រឿងចាប់ពីម៉ោង៨ដល់ម៉ោង១១ព្រឹកមិញ។ ក្នុងនោះ ដ្រូន៧គ្រឿងបាញ់ធ្លាក់នៅតំបន់បែលហ្គោរ៉ូត (Belgorod) និងមួយគ្រឿងធ្លាក់នៅតំបន់ខឺស (Kurs)។ ដោយឡែក បើគេស្ដាប់ពីខាងភាគីអ៊ុយក្រែនវិញ អ៊ុយក្រែនថាកងទ័ពអាកាសរបស់ខ្លួនបាញ់ធ្លាក់ដ្រូនរបស់រុស្ស៊ី២៤គ្រឿងកាលពីយប់មិញ។
អ៊ុយក្រែនថារុស្ស៊ីបញ្ជូនដ្រូន៤៥គ្រឿង និងមីស៊ីល២គ្រាប់ទៅវាយប្រហារ។ នៅតំបន់ស៊ូមី និងខាគីវ រុស្ស៊ីទម្លាក់គ្រាប់បែកពីលើយន្តហោះ ជាប្រភេទគ្រាប់បែកដែលមានប្រព័ន្ធបញ្ជាពីចម្ងាយ។ ដូច្នេះឃើញថាភាគីទាំង២កំពុងប្រើប្រាស់យុទ្ធសាស្ត្រវាយគ្នាផង និងចរចាផងនៅក្នុងសង្គ្រាម។ មិនតែប៉ុណ្ណោះ កងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួនដើម្បីបង្ហាញថាខ្លួនកំពុងមានប្រៀបនៅលើសមរភូមិយោធា។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ