រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានឲ្យដឹងថា ៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួស និងដាក់កងឡាន ក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចម៉ោង៤និង០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សូមឱ្យភាគីថៃ បញ្ឈប់នូវសកម្មភាពដែលបាន និងកំពុងរំលោភបំពានលើបទឈប់បាញ់ ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថា «នៅថ្ងៃទី១២ និងថ្ងៃទី១៣នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដែលបានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥» ៕

ចែករំលែកព័តមាននេះ