ប្រទេសសិង្ហបុរី ៖ «សិង្ហបុរី ឬ សាំងហ្គាពួរ» ប្រទេសដីកោះនៅអាស៊ីអាគ្នេយ៍ ដែលមានផ្ទៃដីសរុបត្រឹមតែ ៧៣៦,៣គីឡូម៉ែត្រការ៉េ បានជាប់ជាប្រទេសមានជាងគេលំដាប់ទី ២របស់ពិភពលោក ដោយបានវ៉ាដាច់ឆ្ងាយពីប្រទេសជិតខាងរួមតំបន់របស់ខ្លួន តាមរយៈបញ្ជីចំណាត់ថ្នាក់ទ្រព្យសម្បត្តិប្រចាំឆ្នាំចុងក្រោយបំផុតរបស់កាសែតសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស The Economist។ នេះបើតាមការចេញផ្សាយពីទស្សនាវដ្តី Forbes សារព័ត៌មានសិង្ហបុរី Mothership និង VnExpress របស់វៀតណាមចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការចងក្រងចំណាត់ថ្នាក់ដែលបានវាយតម្លៃលើប្រទេសចំនួន ១៧៨ នៅលើពិភពលោក ផ្អែកលើវិធានការចំនួន ៣ រួមមាន ៖
១.ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ឬ GDP per capita
២.ប្រាក់ចំណូលទូទាត់លើការចំណាយក្នុងស្រុក ដោយត្រូវបានទទួលស្គាល់ថា ស្មើគ្នានឹងអំណាចទិញ
៣.តម្លៃចំណាយលើការរស់នៅក្នុងស្រុក និងម៉ោងធ្វើការ ដើម្បីផ្គូផ្គងរូបិយប័ណ្ណ ព្រមទាំងសក្ដានុពលទីផ្សារ ។
ជាលទ្ធផលនៃការចងក្រងបញ្ជីប្រទេសមានជាងគេរបស់ពិភពលោក The Economist បានដាក់ GDP សរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសសិង្ហបុរីមានចំនួន ៩០ ៧០០ដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ស្ថិតនៅលំដាប់ទី ២ ពិភពលោក បន្ទាប់ពីប្រទេសស្វីសដែលមានចំនួន ១០ម៉ឺនដុល្លារ និងលំដាប់ទី ៣ ប្រទេសន័រវេសដែលមានចំនួន ៨៦ ៨០០ដុល្លារ។
គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍អាចខិតមកជិតចំណាត់ថ្នាក់នេះទេ ខណៈដែលប្រទេសព្រុយណេជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ដោយ GDP សរុបក្នុងមនុស្សម្នាក់របស់ប្រទេសនេះមានចំនួន ៣៣ ៤០០ដុល្លារក្នុង១ឆ្នាំ តាមពីក្រោយដោយម៉ាឡេស៊ី ១១ ៩០០ដុល្លារ។ រីឯវៀតណាម ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេក្នុងតំបន់នោះ GDP សរុបសម្រាប់មនុស្សម្នាក់មានចំនួនត្រឹម ៤ ៧២០ដុល្លារក្នុង១ឆ្នាំប៉ុណ្ណោះ។
បើនិយាយអំពីស្តង់ដារនៃការរស់នៅ ដោយគិតអំពីអំណាចនៃការទិញនោះ សិង្ហបុរីបានវ៉ាដាច់ប្រទេសស្វីស ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ១ របស់ពិភពលោក ដែលឆ្លុះបញ្ចាំងអំពីកម្រិតជីវភាពរស់នៅកាន់តែប្រសើរ ដោយសារតែតម្លៃចំណាយនៃការរស់នៅទាបជាង បើធៀបនឹងប្រទេសអ្នកមានផ្សេងៗទៀត។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយអំពីម៉ោងធ្វើការវិញ សិង្ហបុរីបានធ្លាក់ចុះមកនៅចំណាត់ទី ៨ ពិភពលោក ដោយសារតែប្រទេសមួយចំនួនដូចជា ន័រវេស កាតា ព្រមទាំងដាណឺម៉ាក ទទួលបានពិន្ទុខ្ពស់ជាងនេះ ដោយសារតែម៉ោងធ្វើការក្នុង១សប្តាហ៍តិចជាង ប៉ុន្តែកម្រិតផលិតភាពខ្ពស់៕

ចែករំលែកព័តមាននេះ