រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា «កម្ពុជាពិតជាមានមោទន ភាព ក្នុងសកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីន ដែលប្រឆាំងមនុស្ស គ្រាប់មិនទាន់ផ្ទុះ កាក
សំណាល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះទៅដល់បណ្តាប្រទេសដទៃជាច្រើនទៀត។ ដូច្នេះ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ» ។
ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។
សូមជម្រាបថា ការថ្លែងពីសំណាក់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោយពីភាគីថៃបានចោទប្រកាន់កម្ពុជាថា បានធ្វើការលួចដាក់មីនថ្មីក្បែរតំបន់ប្រាសាទតាមាន់ធំ ក្រោយទាហានរបស់ពួកគេម្នាក់បានដើរជាន់ ហើយបានរងរបួសដាច់ជើងដោយសារការផ្ទុះគ្រាប់មីនរួចមក ។
ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា ចាប់តាំងតែកម្ពុជាបានក្លាយជារដ្ឋភាគីស្តីទីពីអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ។ កម្ពុជាបានអនុវត្តអនុសញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនបានប្រើប្រាស់គ្រាប់មីនថ្មីណាមួយឡើយ ផ្ទុយទៅវិញកម្ពុជាបានដោះមីនរាប់លានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។
ឯកឧត្តមបានបញ្ជាក់ថា៖ «កម្ពុជាជាប្រទេសបានដោះមីន និងបំផ្លាញមីនដែលប្រឆាំងនឹងមនុស្សព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត ដែលជាកាកសំណល់ពីសង្គ្រាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន ។ លើសពីនេះកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីននៅតាមបណ្តាប្រទេសជាច្រើនទៀតក្រោមឆត្ររបស់អង្គការសហប្រជាជាតិ»។
ដោយឡែក លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយប្រកាសច្រានចោលទាំងស្រុងពីការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ