ខេត្តប៉ៃលិន៖ ក្រុមប្រជាកសិករដាំមៀនប៉ៃលិន និងស្វាយចន្ទី នឹងទទួលបានផលចំណេញតាមរយៈកសិកម្មទំនើប ដែលធានាតម្លៃនិងទីផ្សារទុកមុន ហើយបញ្ចៀសហានិភ័យផ្សេងៗ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និងស្វាយចន្ទី នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានកសិករដាំមៀនប៉ៃលិនចូលរួមសរុបចំនួន៤៤នាក់។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញអំពីអត្ថប្រយោជន៍នៃការបង្កើតសហគមន៍កសិកម្មទំនើប ពីព្រោះសហគមកសិកម្មទំនើប ធ្វើផលិតកម្មរួមគ្នា តាមរយៈការទិញធាតុចូលកសិកម្មរួមគ្នា ការអនុវត្តបទដ្ឋានបច្ចេកទេសដូចគ្នា ការគ្រប់គ្រងចាត់ចែងដោយសហគមន៍កសិកម្មទំនើប និងការលក់កសិផលរួមគ្នាតាមរយៈសហគមន៍កសិកម្មទំនើប មានប្រព័ន្ធសេដ្ឋកិច្ចតែមួយ មានជោគវាសនាដូចគ្នាតែមួយ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ផ្ដល់ផលចំណេញច្រើនដល់ប្រជាកសិករ ការរួមគ្នាជាសហគមន៍កសិកម្មទំនើប ផ្ដល់ផលចំណេញដល់ប្រជាកសិករ តាមរយៈការទិញធាតុចូលកសិកម្មដូចជា៖ គ្រាប់ពូជ ជី និងថ្នាំ ក្នុងតម្លៃទាប ដោយសារការទិញក្នុងបរិមាណច្រើនចំណាយអស់តិចជាងការទិញរាយជាលក្ខណៈគ្រួសារ។ បន្ថែមពីនេះ ការចូលរួមជាសហគមន៍កសិកម្មទំនើប មានភាពងាយស្រួលក្នុងការទទួលប្រាក់កម្ចី ការប្រាក់ទាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួម និងការដាំដុះដោយចុះកិច្ចសន្យាទិញលក់ ដែលធានាតម្លៃនិងទីផ្សារទុកមុន ហើយបញ្ចៀសហានិភ័យនៃការប្រែប្រួលតម្លៃនៅពេលប្រមូលផល៕
ចែករំលែកព័តមាននេះ