ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន សម្រេច​ពន្យារពេល​អនុវត្ត​ពន្ធ​ខ្ពស់​លើ​គ្នា​រយៈពេល​៩០​ទៀត ដើម្បី​បន្ត​ការ​ចរចា

3 ម៉ោង មុន

បរទេស ៖ សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​គ្នា​បន្ត​ពន្យារពេល​ការ​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​លើ​គ្នា​រហូត​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង ២ របស់​ពិភពលោក​បាន​ប្រកាស​ថា…

បរទេស ៖ សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​គ្នា​បន្ត​ពន្យារពេល​ការ​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​លើ​គ្នា​រហូត​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង ២ របស់​ពិភពលោក​បាន​ប្រកាស​ថា អត្រាពន្ធ​៣​ខ្ទង់​លើ​ទំនិញ​របស់​ប្រទេស​ទាំង​ពីរ ដែល​បាន​ប្រកាស​កាលពី​ដើមឆ្នាំ​នេះ នឹង​ត្រូវ​ផ្អាក​សម្រាប់​រយៈពេល​៩០​ថ្ងៃ​ទៀត​។ នេះ​បើ​តាម​ប្រភព BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​។

ការ​ពិភាក្សា​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ កាលពី​ខែ​មុន​បាន​បញ្ចប់​ដោយ​ភាគី​ទាំង​ពីរ​បាន​ហៅ​ការ​ពិភាក្សា​នោះ​ថា «​ការ​ពិភាក្សា​ស្ថាបនា​»​។ អ្នក​ចរចា​កំពូល​របស់​ចិន​បាន​ថ្លែង​នៅ​ពេល​នោះ​ថា ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​រក្សា​ការ​ពន្យារពេល​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​លើ​គ្នា ខណៈ​ដែល​មន្ត្រី​អា​មេ​រិ​កបាន​និយាយ​ថា ពួក​គេ​កំពុង​រង់ចាំ​ការ​ចុះហត្ថលេខា​ចុង​ក្រោយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។

យ៉ាងណាមិញ កាលពី​ថ្ងៃ​ទី​១១ ខែសីហា លោក ត្រាំ ក៏​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ពន្យារ​ការ​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​ជាមួយ​ចិន ដែល​មាន​ន័យ​ថា អា​មេ​រិ​ក​នឹង​ពន្យារពេល​បន្ថែម​ទៀត​លើ​ការ​អនុវត្ត​ពន្ធ ១៤៥% លើ​ទំនិញ​ចិន ហើយ​ចិន​ក៏​នឹង​បន្ត​ផ្អាក​ការ​អនុវត្ត​ពន្ធ​របស់​ខ្លួន​នៃ ១២៥% លើ​ទំនិញ​អា​មេ​រិ​ក​។ នៅ​ក្រោម​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ អា​មេ​រិ​ក​នឹង​រក្សា​ពន្ធ​របស់​ខ្លួន​លើ​ការ​នាំ​ចូល​ពី​ចិន​ត្រឹម​អត្រា ៣០% រីឯ​ចិន​នឹង​រក្សា​ពន្ធ ១០% លើ​ទំនិញ​នាំ​ចូល​ពី​អា​មេ​រិ​ក​។

សេត​វិមាន​បាន​គូសបញ្ជាក់​ថា ការ​ពន្យារពេល​ថ្មី​នេះ នឹង​ផ្តល់​ពេល​បន្ថែម​ទៀត​សម្រាប់​ភាគី​ទាំង​ពីរ​ការ​ចរចា​អំពី​ការ​ដោះស្រាយ​អ​តុល្យភាព​ពាណិជ្ជកម្ម និង​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​។ ការ​ស្វែងរក​ដំណោះស្រាយ​នេះ បាន​លើក​ឡើង​ពី​ឱនភាព​ពាណិជ្ជកម្ម​ជិត ៣០០​ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​។ តាម​សេចក្តីថ្លែងការណ៍​បានឱ្យ​ដឹង​ទៀត​ថា កិច្ច​ពិភាក្សា​នេះ ក៏​នឹង​មាន​បំណង​បង្កើន​លទ្ធភាព​ទទួល​បាន​សម្រាប់​ក្រុមហ៊ុននាំចេញ​របស់​អា​មេ​រិ​ក​ទៅ​កាន់​ចិន និង​ដោះស្រាយ​បញ្ហា​សន្តិសុខ​ជាតិ ព្រម​នឹង​សេដ្ឋកិច្ច​ផង​ដែរ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ចិន​ក៏​បាន​អំពាវនាវ​ឱ្យ​អា​មេ​រិ​ក​ដក​ការ​រឹត​បន្តឹង​ពាណិជ្ជកម្ម​ដែល​ខ្លួន​ហៅ​ថា មិន​សម​ហេតុផល ហើយ​ធ្វើការ​រួម​គ្នា​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ទាំង​សងខាង និង​រក្សា​ស្ថិរភាព​នៃ​ផលិតកម្ម​បន្ទះ​ឈី​ប និង​ផលិតផល​ពាក់កណ្តាល​សម្រេច (Semiconductor) របស់​ពិភពលោក​។ ការ​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​នឹង​ប្រថុយ​នឹង​ភាព​ចលាចល​ពាណិជ្ជកម្ម និង​ភាព​មិន​ច្បាស់លាស់​បន្ថែម​ទៀត ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​នៃ​ពន្ធ​លើ​តម្លៃ និង​សេដ្ឋកិច្ច​។

បើ​ទោះបីជា​មានការ​ពន្យារពេល​អនុវត្ត​ពន្ធ​កម្រិត​ខ្ពស់​ក៏​ដោយ ក៏​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ប៉ះពាល់​នៅ​ឆ្នាំ​នេះ ដោយ​តួលេខ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​បង្ហាញ​ថា ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ក្នុង​ខែមិថុនា បាន​កាត់​បន្ថយ​ជិត​ពាក់កណ្តាល​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ អា​មេ​រិ​កបាន​នាំ​ចូល​ទំនិញ​ចិន​មាន​តម្លៃ ១៦៥​ពាន់​លាន​ដុល្លារ ពោល​ធ្លាក់​ចុះ​ប្រហែល ១៥% ធៀប​នឹង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ការ​នាំ​ចេញ​របស់​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ចិន​ក៏​បាន​ធ្លាក់​ចុះ​ប្រហែល ២០% សម្រាប់​រយៈពេល​ដូច​គ្នា​៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ