ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្ទឹងត្រែង នាំ​យក​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន ជូន​ដល់​ក្រុម​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ

2 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ លោក សរ សុ​ពុ​ត្រា រួម និង​ថ្នាក់ដឹកនាំ…

ខេត្តស្ទឹងត្រែង ៖ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ លោក សរ សុ​ពុ​ត្រា រួម និង​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ ក្នុង​ខេត្តស្ទឹងត្រែង បាន​នាំ​យក​នូវ​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន ទៅ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ ដែល​ត្រូវ​បាន​ទាហាន​ចោរ​ឈ្លានពាន​ថៃ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ (​ក្រោយ​បទ​ឈប់​បាញ់ បាន​ចូល​ជា​ធរមាន​) នៅ​លំនៅ​ដ្ឋា​ន​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង និង​ឃុំ​អូរ​រៃ​-​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ពាំនាំ​ពី​សុខទុក្ខ​វីរ​កងទ័ព​ជួរ​មុខ កំពុង​នៅ​ប្រទេស​ថៃ គឺ​មាន​សុខភាព​ល្អ និង​សុខ​សុវត្ថិភាព​។ ទោះជា​ស្ថានការណ៍​មានកា​រវិ​វត្ត​ប្រែប្រួល​យ៉ាងណា ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត ចំពោះ​សុវត្ថិភាព​របស់​យោធា​កម្ពុជា​ចំនួន ១៨​រូប ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​របស់​អាជ្ញាធរ​ថៃ ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ និង​កំពុង​ចាត់វិធានការ​តាម​យន្តការ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​យោធា​កម្ពុជា​ឱ្យ​បាន​ឆាប់​បំផុត និង​មាន​សុវត្ថិភាព ។

លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​កងទ័ព​ទាំង ៣​គ្រួសារ កុំឱ្យ​មានការ​ជឿ​លើ​ការ​ញុះញង់​ពី​ក្រុម​ណាមួយ​ឱ្យ​សោះ ដោយ​ប្រមូល​អារម្មណ៍​ទាំងអស់​គ្នា​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។ គូរ​បញ្ជាក់​ថា ៖ រយៈពេល​១៣​ថ្ងៃ មក​ហើយ ដែល​កងកម្លាំង​កម្ពុជា ត្រូវ​បាន​ភាគី​ថៃ​ចាប់ខ្លួន​ទៅ​ដោយ​ខុសច្បាប់ គឺ​មិន​ទាន់​ដោះ​លែង​មក​វិញ​នៅឡើយ​ទេ​។ កម្ពុជា​នៅ​តែ​បន្ត​ទាមទារ​ឱ្យ​ភាគី​ថៃ ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ទាំងនោះ​មក​វិញ​ឱ្យ​បាន​ឆាប់​កុំ​ពន្យារពេល ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​លើក​ឡើង​នៅ​វេលា​ថ្ងៃត្រង់​ទី​១១ ខែសីហា​នេះ​ថា គិត​តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន កងកម្លាំង​កម្ពុជា ដែល​ត្រូវ​បាន​ទាហាន​ថៃ​ចូល​មក​ចាប់ខ្លួន​ដោយ​ខុសច្បាប់ មក​ទល់​ពេល​នេះ មាន​រយៈពេល​១៣​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែសីហា​នេះ ។ ក្នុង​ន័យ​នេះ កម្ពុជា​បន្ត​ស្នើ​ភាគី​ថៃ ឆាប់​បញ្ជូន​កងកម្លាំង​ទាំង​១៨​រូប ឱ្យ​ត្រឡប់​មក​វិញ​ជា​បន្ទាន់ ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ស្រប​ទៅ​តាម​ការ​អំពាវនាវ​យ៉ាង​ទទូច​របស់​បណ្ដា​ប្រទេស​ដៃគូ និង​អង្គការ​អន្តរជាតិ​ជា​ច្រើន ។

លោក​ជំទាវ ម៉ា​លី សុជាតា បាន​និយាយ​ថា ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ​កម្ពុជា ព្រមទាំង​សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ទាមទារ រហូត​ដល់​ថៃ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​ច្បាប់​អន្តរជាតិ​។ ជា​ថ្មី​ម្ដងទៀត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា ក៏​បញ្ជាក់​ពី​ការ​មិន​ទុក​ចោល នូវ​សមាជិក​យោធា​របស់​ខ្លួន​ណា​ម្នាក់​ឡើយ ពោល​គឺ​កម្ពុជា​នៅ​តែ​ទទូច​ឱ្យ​ភាគី​ថៃ​ប្រញាប់​បញ្ជូន​អ្នក​ទាំងនោះ​ត្រឡប់​មក​វិញ ។

គួរ​ជម្រាប​ថា តាម​ការ​អះអាង​របស់​កាកបាទក្រហម​អន្តរជាតិ ដែល​បាន​ជួប​សួរសុខទុក្ខ​ទាហាន​កម្ពុជា ទាំង​១៨​នាក់ ដែល​ត្រូវ​បាន​ភាគី​ថៃ​ចាប់ខ្លួន​ដោយ​ខុសច្បាប់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​នោះ គឺ​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ