ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រទេស​ណាខ្លះ ជាប់​ក្នុង​បញ្ជី​តម្រូវ​តម្កល់​ប្រាក់​ធានា ដើម្បី​អាច​ចូល​ទឹកដី​អា​មេ​រិ​ក?

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​តែ​ចាប់ផ្តើម​កម្មវិធី​សាកល្បង​វិធានការ​ថ្មី​មួយ ដែល​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន តម្កល់​ប្រាក់​ធានា​ខ្ពស់​បំផុត​រហូត​ដល់ ១៥ ០០០​ដុល្លារ ដើម្បី​អាច​ចូល​ទឹកដី​របស់​ខ្លួន​។ កម្មវិធី​សាកល្បង​នៃ​វិធានការ​ថ្មី​នេះ នឹង​មាន​រយៈពេល​១២​ខែ…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​តែ​ចាប់ផ្តើម​កម្មវិធី​សាកល្បង​វិធានការ​ថ្មី​មួយ ដែល​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន តម្កល់​ប្រាក់​ធានា​ខ្ពស់​បំផុត​រហូត​ដល់ ១៥ ០០០​ដុល្លារ ដើម្បី​អាច​ចូល​ទឹកដី​របស់​ខ្លួន​។

កម្មវិធី​សាកល្បង​នៃ​វិធានការ​ថ្មី​នេះ នឹង​មាន​រយៈពេល​១២​ខែ ដែល​គ្រោង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦ មុន​ពេល​ឈាន​ដល់​ការ​អនុម័ត​ជា​ផ្លូវការ​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មាន​តែ ២ ប្រទេស​ប៉ុណ្ណោះ ដែល​ជាប់​ក្នុង​បញ្ជី​នៃ​កម្មវិធី​សាកល្បង​របស់​វិធានការ​ថ្មី​នេះ​។

គម្រោង​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​៤ ខែសីហា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែសីហា កន្លង​ទៅ ដោយ​សំដៅ​ជាមួយ​ផ្នែក​ចំពោះ​ភ្ញៀវ​បរទេស​ដែល​មាន​អត្រា​ស្នាក់​នៅ​ហួស​សុពលភាព​នៃ​ទិដ្ឋាការ វា​ក៏​ជា​ចំណាត់ការ​ចុង​ក្រោយបង្អស់​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​មាន​គោលបំណង​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក​។

កម្មវិធី​សាកល្បង​ថ្មី​នេះ នឹង​អនុវត្ត​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍ និង​អ្នកជំនួញ​ដែល​ត្រូវការ​ស្នើ​សុំ​ទិដ្ឋាការ​ប្រភេទ B-1 ឬ B-2 ដើម្បី​ចូល​ទឹកដី​អា​មេ​រិ​ក​។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​២​ប្រទេស​ប៉ុណ្ណោះ ស្ថិត​ក្នុង​បញ្ជី​នេះ គឺ​ប្រទេស​ម៉ា​ឡា​វី និង​ហ្សាំ​ប៊ី​។ ទោះជា​យ៉ាងណា​ក៏​ដោយ បញ្ជី​នេះ​អាច​នឹង​ត្រូវ​បាន​កែប្រែ​បន្ថែម​ទៀត ហើយ​ដើម្បី​អាច​កំណត់​បញ្ជី​នេះ រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​ប្រើ​ប្រាស់​របាយការណ៍​ចូល និង​ចេញ​ឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​លើក​ឡើង​ថា ខ្លួន​រំពឹង​ថា​មនុស្ស​ប្រហែល ២​ពាន់​នាក់​នឹង​ត្រូវ​តម្កល់​ប្រាក់​ធានា អំឡុង​ពេល​កម្មវិធី​សាកល្បង​នេះ ដោយ​ការ​តម្កល់​ប្រាក់​ត្រូវ​បាន​បែងចែក​ពី ៣ កម្រិត រួម​មាន ៥​ពាន់​ដុល្លារ​, ១​ម៉ឺន​ដុល្លារ និង ១៥ ០០០​ដុល្លារ​។ ចំនួន​ទឹកប្រាក់​ទាំងនេះ នឹង​ផ្អែក​ទៅ​លើ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ធ្វើ​ដំណើរ រួម​ទាំង​ហេតុផល​សម្រាប់​ការ​ធ្វើ​ដំណើរ ការងារ ប្រាក់​ចំណូល ជំនាញ និង​ការ​អប់រំ​។

អ្នក​ធ្វើ​ដំណើរ​ដែល​ត្រូវ​តម្កល់​ប្រាក់​ធានា ត្រូវ​តែ​ចូល និង​ចាក​ចេញពី​សហរដ្ឋអាមេរិក​តាម​អាកាសយានដ្ឋាន​ចំនួន ៣ រួម​មាន អាកាសយានដ្ឋាន​អន្តរជាតិ Boston Logan អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy និង​អាកាសយានដ្ឋាន​អន្តរជាតិ Washington Dulles​។

មូល​ប​ត្រ​តម្កល់​ប្រាក់​ធានា​នឹង​ត្រូវ​បាន​លុប​ចោល ហើយ​មន្ត្រី​កុងស៊ុល​នឹង​ទូទាត់​សង​វិញ​នូវ​ប្រាក់​ទាំងនោះ ដោយ​ស្វ័យប្រវត្តិ​ក្នុង​កាលៈទេសៈ ដែល​អ្នក​កាន់​ទិដ្ឋាការ​ចាក​ចេញពី​អា​មេ​រិ​ក​នៅ​ថ្ងៃ​កំណត់ ឬ​មុន​ថ្ងៃ​កំណត់​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ ឬ​ក៏​អ្នក​កាន់​ទិដ្ឋាការ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក​មុន​ពេល​ផុតកំណត់​នៃ​ទិដ្ឋាការ ព្រមទាំង​អ្នក​កាន់​ទិដ្ឋាការ​ដែល​ដាក់​ពាក្យសុំ និង​ត្រូវ​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ចូល​នៅ​តាម​ច្រកចូល​របស់​អា​មេ​រិ​ក​៕ ប្រភព ៖ U.S. Department of State និង CNBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ