ខេត្តកំពង់ចាម៖ ការងារជិត២ម៉ឺនកន្លែង រង់ចាំពលករមកពីថៃ ដើម្បីចូលបម្រើការងារ នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនិងពលករទើបមកពីប្រទេសថៃដែលមានបំណងចង់រកកាងារធ្វើ សូមមកទំនាក់ទំនងនៅ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបច្ចុប្បន្នមានរោងចក្រសហគ្រាស ត្រូវការកម្លាំងពលកម្មជាង ១៨,០០០ កន្លែង។
ការថ្លែងនេះរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាឱកាសអញ្ជើញសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋភៀសសឹកពីព្រំដែន និងភរិយាយោធិនជួរមុខ ចំនួន ១០៥ គ្រួសារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបជូនថា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។
ជាមួយគ្នានេះ លោកជំរុញឱ្យពលករខ្មែរដែលទើបមកពីថៃ ស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕
ចែករំលែកព័តមាននេះ