រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់ឲ្យដឹងថា កម្ពុជាបានរងឥទ្ធិពលព្យុះទី៨ឈ្មោះ កូមាយ (Co-May) T2508 ឡើងវិញ និងព្យុះទី៩ ឈ្មោះ ក្រសារ (Krosa) T2509 ក្នុងឆ្នាំ២០២៥ ។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា យោងតាមការអង្កេត ពិនិត្យ និងវិភាគ លើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តជាព្យុះទី៨ ឈ្មោះ កូមាយ (Co-May) T2508 ឡើងវិញ និងព្យុះទី៩ឈ្មោះ ក្រសារ (Krosa) T2509 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងបានលើកឡើងថា ព្យុះកូមាយ និងព្យុះក្រសារនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹកបានឲ្យដឹងដែរថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅ តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
ចំណែកឯនៅតំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាច មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។
ដោយឡែកនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
ក្រសួងបានបន្ថែមថាយោងលើការព្យាករដូចបានជម្រាបជូនខាងលើ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ ថយចុះលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅមធ្យមដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ