ទីក្រុងញូវដេលី ៖ ប្រទេសឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គំរាមដាក់ទណ្ឌកម្មក៏ដោយ។ នេះបើតាមប្រភពចំនួនពីរចេញរដ្ឋាភិបាលឥណ្ឌាបានបង្ហើបប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយសារភាពរសើបនៃបញ្ហានេះ។
ជាមួយការកំណត់ពន្ធថ្មី ២៥% លើទំនិញនាំចូលពីឥណ្ឌានោះ លោក ត្រាំ បានបញ្ជាក់ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីខែមុនថា ឥណ្ឌានឹងប្រឈមមុខនឹងការពិន័យបន្ថែមទៀតសម្រាប់ការទិញអាវុធ និងប្រេងឆៅរបស់រុស្ស៊ី។
យ៉ាងណាមិញ កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ លោក ត្រាំ បានប្រាប់បណ្តាអ្នកសារព័ត៌មានថា លោកបានឮថា ឥណ្ឌានឹងលែងទិញប្រេងឆៅពីរុស្ស៊ីទៀតហើយ។ ទោះយ៉ាងណាក៏ដោយ ប្រភពចេញពីរដ្ឋាភិបាលឥណ្ឌាបានបង្ហើបថា នឹងគ្មានការផ្លាស់ប្តូរភ្លាមៗនោះទេ ព្រោះទាំងនេះ គឺជាកិច្ចសន្យាទិញប្រេងរយៈពេលវែង ដូច្នេះមិនអាចឈប់ទិញភ្លាមៗត្រឹមមួយយប់នោះទេ»។
ប្រភពមួយទៀតបានបង្ហើបថា ការនាំចូលរបស់ឥណ្ឌាសម្រាប់ប្រេងរុស្ស៊ីបានជួយជៀសវាងការកើនឡើងតម្លៃប្រេងជាសកល ដែលតម្លៃនៅតែធ្លាក់ចុះ បើទោះបីជាលោកខាងលិចមានការទប់ស្កាត់លើវិស័យប្រេងរុស្ស៊ីក៏ដោយ។ មិនដូចប្រេងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡានោះទេ ប្រេងឆៅរុស្ស៊ីមិនស្ថិតក្រោមការដាក់ទណ្ឌកម្មដោយផ្ទាល់ទេ ហើយឥណ្ឌាកំពុងទិញវាក្រោមតម្លៃបច្ចុប្បន្នដែលកំណត់ដោយសហភាពអឺរ៉ុប។ រដ្ឋាភិបាលឥណ្ឌាមិនបានឆ្លើយតបនឹងសំណើរបស់ Reuters សម្រាប់ការអត្ថាធិប្បាយផ្លូវការលើបំណងលើការទិញប្រេងរបស់ខ្លួននោះទេ។
ទន្ទឹមជាមួយគ្នានោះ កាសែតអាមេរិក New York Times ក៏បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ឥណ្ឌាពីរនាក់ដែលសុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ ដោយបានបង្ហើបថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរដ្ឋាភិបាលឥណ្ឌានោះទេ។
អំឡុងពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានថ្លែងថា ប្រទេសឥណ្ឌាមានភាពជាដៃគូមានស្ថិរភាព និងមានប្រសិទ្ធភាពយូរមកហើយជាមួយរុស្ស៊ី។ លោកបានបន្តថា «នៅលើតម្រូវការប្រភពថាមពលរបស់យើង យើងត្រូវពិនិត្យមើលនូវអ្វីដែលមានក្នុងទីផ្សារ អ្វីដែលផ្តល់ឱ្យយើង និងអ្វីដែលជាស្ថានភាព ឬកាលៈទេសៈសកល»។
រុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងឆៅកំពូលដល់ឥណ្ឌា ដែលទទួលបន្ទុកប្រហែល ៣៥%។ ឥណ្ឌាបានបញ្ជាក់ហើយថា ក្នុងនាមជាប្រទេសនាំចូលថាមពលដ៏សំខាន់ ខ្លួនត្រូវតែស្វែងរកការផ្គត់ផ្គង់តម្លៃថោកបំផុត ដើម្បីការពារប្រជាជនប្រឆាំងនឹងការកើនឡើងថ្លៃដើម។ ភាពជាដៃគូនេះហើយ គឺជាចំណុចជម្លោះសម្រាប់អាមេរិក ជាពិសេសនៅមុនពេលការគំរាមដាក់ទណ្ឌកម្មរបស់អាមេរិកនៅពេលខាងមុខនេះ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព ៖ Reuters និង The Guardian
ចែករំលែកព័តមាននេះ