សហរដ្ឋអាមេរិក ៖ តាមបណ្ដាសារព័ត៌មានអាមេរិកថា បុរសម្នាក់កាលពីយប់ថ្ងៃទី២៨កក្កដាបានបាញ់ប្រហារ ក្នុងអគារខ្ពស់មួយនៃសង្កាត់ម៉ាន់ហាតាន់ក្រុងញូវយ៉ក កន្លែងស្នាក់នៅរបស់ក្រុមបាល់ទាត់អាជីពអាមេរិកNFL និងមានទីតាំងក្រុមហ៊ុនហិរញ្ញវត្ថុយក្សBLACKSTONE ដោយសម្លាប់មនុស្សយ៉ាងតិច៤នាក់និង៦នាក់ទៀតរងរបួស មុនពេលបាញ់សម្លាប់ខ្លួនឯង។
អ្នកទទួលខុសត្រូវម្នាក់របស់ប៉ូលិសថ្លែងប្រាប់CNN ថា មនុស្ស៤នាក់ក្នុងនោះមានប៉ូលិសក្រុងញូវយ៉កម្នាក់បានត្រូវស្លាប់ ចំណែកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង។ ប្រមុខប៉ូលិសក្រុងញូវយ៉កលោកស្រីJESSICA TISCH ថ្លែងតាមបណ្ដាញសង្គមXថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពតែម្នាក់ឯងត្រូវស្លាប់។
ក្នុងចំណោមអ្នកស្លាប់មានបុរស៣នាក់់ក្នុងនោះមានប៉ូលិសម្នាក់ព្រមទាំងនារីម្នាក់។ ចំណែកមនុស្សម្នាក់ដែលរងរបួសធ្ងន់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ តាមកាមេរ៉ាត្រួតពិនិត្យគេឃើញបុរសម្នាក់ចុះពីរថយន្តពណ៌ខ្មៅមួយគ្រឿងដោយមានកាន់កាំភ្លើងវាយលុកធុនM4មួយដើម។ បន្ទាប់មកជននេះបានដើរចូលក្នុងអគារ ហើយភ្លាមៗបានបាញ់លើប៉ូលិសម្នាក់ មុនពេលបាញ់រះលើមនុស្សម្នា។
ជនសង្ស័យមានដើមកំណើតនៅឡាស់វេហ្គាស់ ជាមនុស្សធ្លាប់មានបញ្ហាសរសៃប្រសាទ។ ជននេះដើរឡើងពីជាន់មួយទៅជាន់មួយទៀត។ ភ្លាមៗប៉ូលិសច្រើនរយនាក់ ក្នុងនោះមួយចំនួនពាក់អាវការពារគ្រាប់បានលើកមកដល់។ បណ្ដាឧទ្ធម្គាគចក្របានហោះក្រឡឹងពីលើកន្លែងមានការវាយប្រហារ៕
ចែករំលែកព័តមាននេះ