ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដី​ប្រកាស​រួម ស្តី​ពី​កិច្ចប្រជុំ​ពិសេស​រៀបចំ​ដោយ​ម៉ា​ឡេ​ស៊ី សម្រាប់​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន រវាង​ប្រទេសកម្ពុជា និង​ថៃ

1 ថ្ងៃ មុន

ទីក្រុង​កូ​ឡា​ឡាំ​ពួរ ៖ រដ្ឋាភិបាល នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​នេះ បន្ទាប់​ពី​កិច្ចប្រជុំ​ពិសេស ដែល​ធ្វើ​ជា​ប្រធាន រៀបចំ…

ទីក្រុង​កូ​ឡា​ឡាំ​ពួរ ៖ រដ្ឋាភិបាល នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​នេះ បន្ទាប់​ពី​កិច្ចប្រជុំ​ពិសេស ដែល​ធ្វើ​ជា​ប្រធាន រៀបចំ និង សាក្សី ដោយ​នាយក​រដ្ឋមន្ត្រី Dato’ Seri Anwar Ibrahim នៅ​ទីក្រុង Putrajaya ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai​។
កិច្ចប្រជុំ​នេះ ក៏​មានការ​សហការ​រៀបចំ​ដោយ សហរដ្ឋអាមេរិក និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង​ជំរុញ​អោយ​មាន​ដំណោះស្រាយ​សន្តិភាព​ចំពោះ​ស្ថានភាព ដែល​កំពុង​កើត​មាន ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​នាយក​រដ្ឋមន្ត្រី​ស្តីទី ថៃ Phumtham Wechayachai បាន​បង្ហាញ​ពី​ជំហរ និង​សេចក្ដី​ប្រាថ្នា​ចង់​ឃើញ​បទ​ឈប់​បាញ់​ភ្លាម​ៗ និង​ការ​ត្រឡប់​ទៅ​រក​ស្ថានភាព​ធម្មតា ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump បាន​ទាក់ទង​ជាប់​ជាមួយ​នាយក​ដ្ឋ​មន្ត្រី​ទាំង​ពីរ ដើម្បី​ជំរុញ​ដល់​ដំណោះស្រាយ​សន្តិភាព ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​បាន​រក្សា​ការ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ទាំងអស់ ដើម្បី​ជំរុញ​សន្តិភាព និង​បទ​ឈប់​បាញ់ ។

ការ​ចូលរួម​របស់​ភាគី​ទាំងអស់ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ចំពោះ​សន្តិភាព ការ​សន្ទនា​រវាង​គ្នា និង​ស្ថិរភាព​ក្នុង​តំបន់ ។

ប្រទេស​កម្ពុជា និង​ថៃ បាន​សម្រេចការ​យោគយល់​រួម​គ្នា​លើ​ចំណុច​ដូច​ខាងក្រោម ៖

១. កិច្ចព្រមព្រៀង​ឈប់​បាញ់​ភ្លាម​ៗ និង​ដោយ​គ្មាន​លក្ខខណ្ឌ ចាប់ពី​ម៉ោង ២៤:០០ នាទី (​ម៉ោង​ក្នុងស្រុក​) ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០២៥​។ នេះ​ជា​ជំហាន​ដំបូង​សំខាន់​ក្នុង​ការ​បន្ធូរ​ស្ថានការណ៍ និង​ស្ដារ​ឡើង​វិញ​នូវ​សន្តិភាព​និង​សន្តិសុខ​។

២. រៀបចំ​ការ​ប្រជុំ​មួយ​រវាង​មេបញ្ជាការ​ភូមិភាគ (​កងទ័ព​ភូមិភាគ ១ និង ២ តំណាង​ថៃ និង​កងទ័ព​ភូមិភាគ ៤ និង ៥ តំណាង​កម្ពុជា​) នៅ​ម៉ោង ០៧:០០ ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ហើយ​បន្ទាប់​មក​នឹង​មាន​ជំនួប​អនុព័ន្ធយោធា ដែល​ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន ប្រសិនបើ​មានការ​ព្រមព្រៀង​ពី​ភាគី​ទាំង​ពីរ ។

៣. រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​រួម (GBC) នៅ​ថ្ងៃ​ទី ៤ សីហា ២០២៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា ។
ដោយ​មាន​តួនាទី​ជា​ប្រធាន​ប្តូ​រវេ​ណ អាស៊ាន​បច្ចុប្បន្ន ប្រទេស​ម៉ា​ឡេ​ស៊ី ត្រៀមខ្លួន​ជា​ស្រេច នឹង​រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍ ដើម្បី​បញ្ជាក់​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​។ ម៉ា​ឡេ​ស៊ី ក៏​នឹង​ពិភាក្សា​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត​ផង​ដែរ ដើម្បី​អោយ​ពួក​គេ​ចូលរួម​កិច្ច​ខិតខំ​សង្កេតការណ៍ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​គាំទ្រ​សន្តិភាព នៅ​ទីតាំង​ផ្ទាល់ ។

ភាគី​ទាំង​ពីរ ទទួលស្គាល់​ឲ្យ​បន្ត​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ ។

រដ្ឋមន្ត្រី​ការ​បរទេស និង​ការពារ​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ ត្រូវ​បាន​ណែនាំ​ឲ្យ​រៀបចំ​យន្តការ​លម្អិត​សម្រាប់​ការ​អនុវត្ត ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​រាយការណ៍​ស្ថានភាព​នៃ​បទ​ឈប់​បាញ់​។ យន្តការ​នេះ នឹង​ដើរតួ​នាទី​ជា​មូលដ្ឋាន​សម្រាប់​សន្តិភាព និង​គណនេយ្យ​ភាព​ប្រកបដោយ​ចេរភាព ។

កិច្ចប្រជុំ​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​រួម​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ សន្តិ​សហ​វិជ្ជមាន​ដោយ​សន្តិភាព និង​កិច្ចសហការ​ពហុភាគី ដើម្បី​រក​ដំណោះស្រាយ​រយៈពេល​វែង​និង​យុត្តិធម៌​ចំពោះ​ស្ថានភាព​នេះ ។

បកប្រែ​ក្រៅផ្លូវការ​ដោយ​កោះសន្តិភាព ២៨ កក្កដា ២០២៥ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ