ប្រទេសវៀតណាម ៖ បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ទ្រព្យសុទ្ធរបស់មហាសេដ្ឋីវៀតណាមទាំងអស់សរុបបានកើនឡើង ២,៥ពាន់លានដុល្លារអាមេរិក គិតមកទល់ពេលនេះ សម្រាប់ខែកក្កដា ដែលជំរុញដោយទីផ្សារភាគហ៊ុនដ៏រឹងមាំរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមទិន្នន័យទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes បានបង្ហាញថា មហាសេដ្ឋីទាំង៥រូបរបស់ប្រទេសវៀតណាម បានបង្ហាញទ្រព្យសុទ្ធរួមបញ្ចូលគ្នាសរុបចំនួន២១,២ពាន់លានដុល្លារ ខណៈពេលដែលសន្ទស្សន៍ភាគហ៊ុនគោលរបស់វៀតណាម VN-Index បានកើនឡើងដល់ ១២%។
លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ប្រទេសវៀតណាម នៅតែជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ប្រទេសនេះ ជាមួយទ្រព្យសុទ្ធសរុប ១១,៩ ពាន់លានដុល្លារ។ ទ្រព្យសុទ្ធមហាសេដ្ឋីវ័យ៥៦ឆ្នាំរូបនេះ បានកើនឡើង ១,៤ពាន់លានដុល្លារ ចាប់តាំងពីដើមខែកក្កដា ឥឡូវនេះលោកបានជាប់ចំណាត់ថ្នាក់ទី២២៨ ក្នុងចំណោមបុគ្គលមានបំផុតរបស់ពិភពលោក។
ការកើនឡើងទ្រព្យសម្បត្តិរបស់លោក Pham Nhat Vuong ត្រូវបានផ្សារភ្ជាប់ទៅនឹងដំណើរការដ៏រឹងមាំនៃភាគហ៊ុនក្រុមហ៊ុន Vingroup ដែលបានកើនឡើងជាង ១៩% ចាប់តាំងពីខែកក្កដាចាប់ផ្តើម ខណៈលោកកាន់កាប់ភាគហ៊ុនដោយផ្ទាល់ចំនួន ៤៥០លានហ៊ុន ដែលតំណាងឱ្យ ១១,៦% នៃភាគហ៊ុនក្រុមហ៊ុន Vingroup។
ដោយឡែក លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet ឈរជាបុគ្គលមានបំផុតទី២របស់វៀតណាម ដោយបានកត់ត្រាទ្រព្យសុទ្ធកើនឡើងពី ៧០០លានដុល្លារដល់ ៣,២ពាន់លានដុល្លារ។ នេះជាចំនួនខ្ពស់បំផុតសម្រាប់លោកស្រី Thao ដែលជាប់ក្នុងបញ្ជីមហាសេដ្ឋីដំបូងក្នុងឆ្នាំ ២០១៧។ ភាគហ៊ុនរបស់ Vietjet និង HDBank ដែលលោកស្រី Thao ជាអនុប្រធាននោះ បានកើនឡើង ៣៨% និង ២៩,៦% ក្នុងខែកក្កដា។ ដ្បិតលោកស្រីបានកាន់កាប់ភាគហ៊ុនសរុប ៤៧,៧លានហ៊ុនរបស់ Vietjet ដោយផ្ទាល់ ប៉ុន្តែក៏មានភាគហ៊ុនរាប់រយលាននៅក្នុងក្រុមហ៊ុនទាំងពីរ តាមរយៈអង្គភាពដាច់ដោយឡែក ដែលរួមចំណែកដល់កំណើនទ្រព្យសម្បត្តិលោកស្រី។
លោក Tran Dinh Long ប្រធានក្រុមហ៊ុន Steelmaker Hoa Phat Group បានឃើញទ្រព្យសុទ្ធកើនឡើងចំនួន ៣០០លានដុល្លារ ស្របពេលលោក Ho Hung Anh ប្រធាន Techcombank ក៏ឃើញការកើនឡើង ១០០លានដុល្លារផងដែរ ហើយឥឡូវនេះ ទ្រព្យសុទ្ធរបស់លោក Tran Dinh Long កើនឡើងដល់ ២,៦ពាន់លានដុល្លារ រីឯលោក Ho Hung Anh កើនឡើង ២.៤ពាន់លានដុល្លារ។ ចំណែក លោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan ក៏បានបន្ថែមប្រាក់ចំណេញរាប់សិបលានដុល្លារចូលក្នុងទ្រព្យសុទ្ធរបស់លោកផងដែរ បច្ចុប្បន្នទ្រព្យរបស់លោកមានចំនួន ១,១ពាន់លានដុល្លារ៕


ចែករំលែកព័តមាននេះ