ប្រទេសស្កុតឡែន ៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងជាគោលការណ៍លើក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយបញ្ចប់ការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនខែរវាងដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកទាំងពីរ។ នេះបើតាមប្រភពពី BBC និង Reuters បានចេញផ្សាយ។
ក្រោយការចរចាររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen នៅឯប្រទេសស្កុតឡែន ថ្នាក់ដឹកនាំទាំងពីរបានយល់ព្រមសម្រាប់ពន្ធគយអាមេរិកលើទំនិញ EU ទាំងអស់ចំនួន ១៥% ដែលនោះធ្លាក់ចុះពាក់កណ្តាលពីអត្រាពន្ធ ៣០% ដែលលោក ត្រាំ បានគំរាមអនុវត្តលើ EU ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ។
លោក ត្រាំ បានថ្លែងថា EU ដែលមានសមាជិក២៧ប្រទេស នឹងបើកទីផ្សារខ្លួនដល់អ្នកនាំចេញរបស់សហរដ្ឋអាមេរិកជាមួយនឹងពន្ធ ០% លើផលិតផលមួយចំនួន។ លោកស្រី Von der Leyen ក៏បានសាទរចំពោះកិច្ចព្រមព្រៀងនេះផងដែរ ដោយអះអាងថា កិច្ចព្រមព្រៀងនឹងនាំមកនូវស្ថិរភាពសម្រាប់សម្ព័ន្ធមិត្តទាំងពីរ ដែលរួមគ្នាមានចំនួនជិតមួយភាគបីនៃពាណិជ្ជកម្មពិភពលោក។
លោក ត្រាំ បានប្រើប្រាស់គោលនយោបាយពន្ធគយលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុងគោលបំណងរៀបចំឡើងវិញនូវសេដ្ឋកិច្ចពិភពលោក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។ ក៏ដូចជា EU ដែរ ប្រធានាធិបតីអាមេរិកលើកទី៤៧រូបនេះ ក៏បានធ្វើកិច្ចព្រមព្រៀងពន្ធជាមួយចក្រភពអង់គ្លេស ជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាមផងដែរ។
លោក ត្រាំ បានអះអាងថា EU នឹងជំរុញការវិនិយោគនៅសហរដ្ឋអាមេរិកចំនួន ៦០០ពាន់លានដុល្លារ រួមទាំងឧបករណ៍យោធាអាមេរិក ក៏ដូចជាចំណាយលើទឹកប្រាក់ ៧៥០ពាន់លានដុល្លារលើថាមពលផងដែរ។ ទន្ទឹមជាមួយគ្នា លោកស្រី Von der Leyen បាននិយាយថា ការវិនិយោគរយៈពេលបីឆ្នាំខាងមុខលើឧស្ម័នធម្មជាតិរាវ ប្រេង និងឥន្ធនៈនុយក្លេអ៊ែររបស់អាមេរិក នឹងជួយកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើប្រភពថាមពលរបស់រុស្ស៊ី។ ចំណែកទំនិញមួយចំនួនផ្សេងទៀត នឹងមិនជាប់ពន្ធគយណាមួយឡើយ រួមទាំងយន្តហោះ គ្រឿងបន្លាស់យន្តហោះ សារធាតុគីមី និងផលិតផលកសិកម្មមួយចំនួន។
កិច្ចព្រមព្រៀងដាច់ដោយឡែកមួយលើគ្រឿងបង្គំអេឡិចត្រូនិក ជាពិសេសលើការផលិតបន្ទះឈីប អាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។ ទោះយ៉ាងណាក៏ដោយ ពន្ធ ៥០% របស់សហរដ្ឋអាមេរិកដែលលោក ត្រាំ បានអនុវត្តលើដែកថែប និងអាលុយមីញ៉ូមទូទាំងពិភពលោកនឹងនៅតែអនុវត្តដដែល៕


ចែករំលែកព័តមាននេះ