ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនេននិមន្ត​ទៅ​លេង​ទឹករណ្តៅដី ​ល.ង់​សុគត​២អង្គយ៉ាងរន្ធ.ត់

3 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​មានករណីលោកនេនចំនួន៣​អង្គ បាន​និមន្ត​ទៅ​ងូតទឹក​លេង​នៅ​រណ្ដៅ​ដីមួយកន្លែងបណ្ដាល​ឱ្យ​លង់​សុគត​២​អង្គ ​។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ​កក្កដា ឆ្នាំ​២០២៥ នៅ​ចំណុចទឹករណ្តៅដីមួយកន្លែង ស្ថិតក្នុងឃុំ​គរ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ​មានករណីលោកនេនចំនួន៣​អង្គ បាន​និមន្ត​ទៅ​ងូតទឹក​លេង​នៅ​រណ្ដៅ​ដីមួយកន្លែងបណ្ដាល​ឱ្យ​លង់​សុគត​២​អង្គ ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ​កក្កដា ឆ្នាំ​២០២៥ នៅ​ចំណុចទឹករណ្តៅដីមួយកន្លែង ស្ថិតក្នុងឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ​កក្កដា​ ឆ្នាំ២០២៥នេះ ថា​ ទីតាំង​កន្លែង​រណ្ដៅ​ដី​ដែល​គេ​ជីក​នោះ​គឺ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​នោះ​ទេ​គឺ​ប្រហែល​មិន​ដល់​១០០០​ម៉ែត្រ​ផង​។ កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ណែនាំ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ ដែល​តែង​តែ​និមន្ត​មក​លេង​នៅ​ទឹករណ្តៅដី​នេះ សូម​កុំមក​ទៀត​ ​ប្រយ័ត្ន​ជួបគ្រោះថ្នាក់​ បណ្ដាល​ឱ្យ​​លង់​សុគត​។

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​នៅ​ថ្ងៃ​ទី​២៦​កក្កដា ២០២៥ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច ស្រះ​ទឹក​មួយ​កន្លែង​មាន​ទំហំ​ទទឹង ២០​ម៉ែត្រ បណ្តោយ ៥០​ម៉ែត្រ ជម្រៅ ៤​ម៉ែត្រ ​របស់​ម្ចាស់​ឈ្មោះ​សារ ទៀត ភេទ​ប្រុស អាយុ ៦២​ឆ្នាំ​ស្តិ​ត​ក្នុងភូមិ​ក្បាល​បឹង​សេះ​កើត ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ។

សមត្ថកិច្ចបានបន្តថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលថា​មាន​ករណី​ព្រះសង្ឃ​៣​អង្គ​លង់ទឹក​សុគត​២អង្គ និងនៅ​មាន​ព្រះ​ជន្ម​១​អង្គ ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល​។

ក្រោយ​ទទួល​ព​ត៌​មាន​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គរ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​សព​ ក្នុង​នោះ​រួម​មាន​ ​សាមណេរ​រងគ្រោះមាន១អង្គព្រះនាម ហ័​ង លី​ហួរ ព្រះ​ជន្ម ១៣​វស្សា មានស្រុក​កំណើត​នៅ​ភូមិ ក្បាល​បឹង​សេះ ឃុំ គរ​ស្រុក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​និង​សាមណេរ​​១អង្គទៀត​ព្រះនាម ម៉ៅ សេង ហុង ព្រះ​ជន្ម ១១ វស្សា មានស្រុក​កំណើត​នៅ​ភូមិ ក្បាល​បឹង​សេះ​ឃុំ​គរ ស្រុក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ចំណែកសាមណេរ​១ដែលរួចផុតពីគ្រោះថ្នាក់ព្រះនាម រឿ​ន ឌី​ណា ព្រះ​ជន្ម​១៥ វស្សា មានស្រុក​កំណើត​ភូមិ​ក្បាល​បឹង​សេះ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​។ សាមណេទាំង៣អង្គគង់នៅ​ក្នុង​វត្ត​គិរី​ទ​ក្ខិ​ណា​រាម (​ហៅ​វត្ត​ក្បាល​បឹង​សេះ​)​ស្ថិត​ក្នុងភូមិ​ក្បាល​បឹង​សេះ​កើត ឃុំ​គរ ស្រុកត្បូងឃ្មុំ​។

តាម​ការ​បំភ្លឺ​របស់​ព្រះសង្ឃ​ឈ្មោះ​រឿ​ន ឌី​ណា បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង​ប្រហែល​១២និង៣០​នាទី​​ថ្ងៃត្រង់ថ្ងៃកើតហេតុ​ ​ព្រះអង្គ​និង​សាមណេរ​​ដទៃ​ទៀត បាន​នាំ​គ្នា​ទៅ​លេង​ទឹក​រណ្តៅដីដែលជា​​កន្លែង​កើតហេតុ​ខាងលើ លុះ​លេង​បាន​ប្រហែល​១​ម៉ោងជាង​ក៏​ស្រាប់តែ​មាន​សាមណេរ​២​អង្គ​លង់​ទឹកតែ​ម្ដង​ ។ ​បន្ទាប់​មក​ព្រះអង្គ​និង​សាមណេរដទៃ​ទៀត​ក៏​រត់​ទៅ​ហៅ​អ្នក​ភូមិ​នៅ​ជិត​នោះ​មក​ជួយ​ តែជាអកុសលសាមណេរ២អង្គបានលក់ទឹក បណ្តាលឱ្យសុគតទៅហើយ ។

ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​មណ្ឌល​សុខភាព​គរបានឱ្យដឹងថា​ សព​សាមណេរ​ទាំង​២​អង្គ​សុគត​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ