រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់រូប បានអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅអគារកោះពេជ្រ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ព្រះសង្ឃ និស្សិត សិល្បករ ជាដើម គិតត្រឹមរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។
កម្មវិធីបរិច្ចាគឈាមនាពេលនេះ មានគោលបំណង ពង្រឹងសាមគ្គីភាព និងការសង្គ្រោះជីវិតអ្នកជំងឺ ដែលមានត្រូវការឈាម នៅតាមមន្ទីរពេទ្យនានា និងសម្រាប់ត្រៀមបម្រុងទុក ដើម្បីជួយសង្គ្រោះជីវិតវីរកងទ័ពជួរមុខដែលកំពុងការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលទទួលរងរបួស ឬគ្រោះថ្នាក់ផ្សេងៗដោយសារសង្គ្រាមឈ្លានពានទឹកដីរបស់សត្រូវ។
ប្រជាពលរដ្ឋ ដែលកំពុងរង់ចាំបរិច្ចាគឈាម ប្រកបដោយទឹកចិត្តជ្រះថ្លាចេញពីបេះដូង ទោះបីមានការរង់ចាំយូរក៏ដោយ ក៏បងប្អូនយល់ឃើញថា យុទ្ធជនរបស់យើងបានធ្វើការតស៊ូ ដើម្បីការពារមរណភាពទឹកដីដ៏អង់អាចក្លាហានគ្មានរួញរា ពិតជាមានសេចក្តីក្លាហាន និងបង្ហាញពីសាមគ្គីភាព ស្រឡាញ់ជាតិមាតុភូមិរបស់យើងពិតប្រាកដ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអំពាវឱ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះឡើង និងបានសហការមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល និងជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានការស្ម័គ្រចិត្តបរិច្ចាគឈាម និងបានចុះឈ្មោះរង់ចាំបរិច្ចាគឈាម ក្នុងករណីត្រៀមពេលចាំបាច់ណាមួយ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅរាជធានីភ្នំពេញ និងនៅគ្រប់មណ្ឌលផ្តល់ឈាមខេត្ត ដែលមានទីតាំងនៅមន្ទីរពេទ្យខេត្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវសម្របសម្រួលក្នុងការទទួលអំណោយឈាមឱ្យបានល្អប្រសើរ និងរក្សាទុកឈាមតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ