រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជា នៅពេលនេះ គឺសុឆន្ទៈពិតប្រាកដស្ថិតលើភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ។

ការលើកឡើងរបស់សម្តេចបវរធិបតី បន្ទាប់ពីឃើញមានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួន ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ។
សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា ៖ ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោមថា ៖ កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរសព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន ។
ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ៖ “ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តម ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ” ។
ជាចម្លើយបឋម ដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃ បានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា ។
ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃ បានជូនដំណឹងវិញថា ភាគីថៃ បានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន ៖ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជា នៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូង នៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ ៕
ចែករំលែកព័តមាននេះ