ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រើ​សព្វាវុធ​ធុន​ធ្ង.ន់​និង​ដាក់​ពង្រាយទាហាន​ដ៏​ច្រើន​លើសលុប​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា​ជា​ការ​រំ.លោ.ភ​ធម្មនុញ្ញ​អង្គការ​និង​ធម្មនុញ្ញ​អាស៊ាន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងការពារជាតិ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា ​ការ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និង​ការ​ដាក់​ពង្រាយ​ទាហាន​ដ៏​ច្រើន​លើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន​។ យោង​តាម​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ជំទាវ…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងការពារជាតិ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា ​ការ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និង​ការ​ដាក់​ពង្រាយ​ទាហាន​ដ៏​ច្រើន​លើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អា
ស៊ាន​។

យោង​តាម​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ជំទាវ ឧត្តម​សេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង ការពារ​ជាតិ​នៅ​ថ្ងៃ​ទី​២៤​កក្កដា ឆ្នាំ​២០២៥​ថា​ «​ការ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និង​ការ​ដាក់​ពង្រាយ​ទាហាន​ដ៏​ច្រើន​លើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​» ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា សកម្មភាព​ដែល​គ្មាន​ការ​ទទួលខុសត្រូវ និង​ខុសច្បាប់​បែប​នេះ បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ មិន​ត្រឹមតែ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ប៉ះពាល់​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ កម្ពុជា​អំពាវនាវ​ឱ្យ​សមាជិក​សហគមន៍​អន្តរជាតិ ថ្កោលទោស​ដោយ​មិន​ស្ទាក់ស្ទើរ និង​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​ថៃ ហើយ​ត្រូវ​ឱ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កម្រោល​របស់​ខ្លួន​។

លើស​ពី​នេះ​ក្រសួងការពារជាតិ​កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដក​កម្លាំង​ទៅ​ខាង​ព្រំដែន​របស់​ខ្លួន និង​ជៀសវាង​សកម្មភាព​ឈ្លានពាន​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី តាម​រយៈ​មធ្យោបាយ​ផ្លូវច្បាប់ និង​ការទូត ក្រសួងការពារជាតិ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ពេញលេញ​របស់​កង​យោធពលខេមរភូមិន្ទ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​ប្រជាជន​របស់​ព្រះរា​ជា​ណាចក្រ​កម្ពុជា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ យោង​តាម​មាត្រា 51 នៃ​ធម្មនុញ្ញ​ អង្គការសហ​ប្រជា​ជាតិ កម្ពុជា​រក្សា​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ក្នុង​ការ​ការពារ​ខ្លួន ហើយនឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​ឈ្លានពាន​យ៉ាង​កម្រោល​របស់​ថៃ​។ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព​។

ទោះជា​យ៉ាងណា​ក៏​ដោយ យើង​ក៏​បញ្ជាក់​ឡើង​វិញ​នូវ​សិទ្ធិ​អធិបតេយ្យ​របស់​យើង ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​របស់​យើង ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ កម្ពុជា​នឹង​មិន​ចុះចាញ់​នឹង​ការ​បង្ខិតបង្ខំ ឬ​ការ​បំភិតបំភ័យ​ទោះ​ក្នុង​ទម្រង់​ណាមួយ​ឡើយ​។

រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កម្ពុជា​រួបរួម​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការ​ការពារ​ទឹកដី សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យភាព​របស់​យើង​ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ ក្រសួងការពារជាតិ​សូម​អំពាវនាវ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​គ្រប់​ប្រភេទ​សូមកុំ​ចែករំលែក​ព័ត៌មាន រូបភាព វី​ដេ​អូ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ជា​ពិសេស​រូបភាព ឬ​ព័ត៌មាន​ដែល​បង្ហាញ​ពី​សកម្មភាព​កងទ័ព លេណដ្ឋាន និង​ការ​ចល័ត​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ