ប្រទេសវៀតណាម ៖ ការនាំចេញបង្គារបស់ប្រទេសវៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង ៨០% នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ហើយជាលទ្ធផលប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាទីផ្សារនាំចេញបង្គារធំបំផុតរបស់វៀតណាម។
បើតាមសមាគមនាំចេញ និងផលិតអាហារសមុទ្ររបស់វៀតណាម ហៅកាត់ថា VASEP បានឱ្យដឹងថា ប្រទេសចិនបាននាំចូលបង្គាមានតម្លៃជិត៥៩៥លានដុល្លារអាមេរិក ខណៈដែលកង្វះការផ្គត់ផ្គង់ក្នុងស្រុករបស់ចិន គួបផ្សំនឹងតម្រូវការរដូវក្តៅបានបើកឱកាសមាសសម្រាប់អ្នកនាំចេញវៀតណាម។ ភាពជិតស្និទ្ធិខាងភូមិសាស្ត្រ និងតម្លៃប្រកួតប្រជែង ក៏ជាកត្តាសំខាន់ជំរុញការនាំចេញបន្ថែមទៀតទៅកាន់ប្រទេសចិន។ ទីផ្សារប្រពៃណីរបស់វៀតណាមដូចជា ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប នៅរក្សាបានកំណើនថេរ។
សហរដ្ឋអាមេរិក ដែលពីមុនជាទីផ្សារកំពូលសម្រាប់បង្គារវៀតណាម បានបង្ហាញសញ្ញានៃការធ្លាក់ចុះ ខណៈពេលដែលការនាំចេញបានកើនឡើង ១៣% នៅក្នុងតម្លៃ ៣៤១លានដុល្លារនៅឆមាសទី១ ឆ្នាំនេះ ភាគច្រើនកើនឡើងក្នុងខែឧសភា នៅពេលបណ្តាអាជីវកម្មប្រញាប់ប្រញាល់នាំចូល មុនពេលពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខណៈដែលការនាំចូលក្នុងខែមិថុនាបានធ្លាក់ចុះ ៣៧% ។
ពន្ធលើបង្គារៀតណាមនឹងឡើងដល់ ២០% ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។ VASEP បានលើកឡើងថា គោលនយោបាយពន្ធសហរដ្ឋអាមេរិកបានធ្វើឱ្យអ្នកនាំចូលរបស់អាមេរិកមានការប្រុងប្រយ័ត្ន ក៏ដូចជាបង្កើតភាពស្មុគស្មាញតម្លៃ ផែនការ ការបញ្ជាទិញ និងការផលិតសម្រាប់ក្រុមហ៊ុនវៀតណាម។ ជាលទ្ធផល ក្រុមហ៊ុនអាហារសមុទ្រជាច្រើនរបស់វៀតណាមកំពុងផ្តោតទៅរកទីផ្សារផ្សេងជំនួស ដោយប្រទេសចិនបានលេចចេញជាជម្រើសដ៏រឹងមាំរបស់ខ្លួន។
ក្រុមហ៊ុនផលិតបង្គារជាច្រើនកំពុងកែប្រែយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។
VASEP អះអាងថា ការកើនឡើងថ្លៃដើម និងតម្រូវការទីផ្សារដ៏តឹងរ៉ឹង កំពុងទាក់ទាញក្រុមហ៊ុននានា ដើម្បីបង្កើនផលិតភាពនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីការធ្វើកសិកម្មមានការបញ្ជាក់ត្រឹមត្រូវ និងការគ្រប់គ្រងជំងឺឆ្លង រហូតដល់ការកែច្នៃ និងការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនោះ យុទ្ធសាស្ត្រហិរញ្ញវត្ថុ និងផ្លូវច្បាប់សកម្ម ក៏ដើរតួយ៉ាងសំខាន់ ដើម្បីស្វែងរកការផ្លាស់ប្តូរគោលនយោបាយភ្លាមៗនឹងមានសារៈសំខាន់ សម្រាប់ទ្រទ្រង់នៅក្នុងទីផ្សារពិភពលោក ដែលមានការប្រែប្រួល៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ