ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា ៖ ថៃ បាន​បង្ហោះ​ដ្រូ​ន​រយៈពេល​០២​នាទី មុន​បើក​ការ​បា.ញ់ប្រហារ​មុន​មក​លើ​កងទ័ព​កម្ពុជានៅ​តំបន់​ប្រាសាទតាមាន់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ «​ភាគី​ថៃ បាន​បង្ហោះ​ដ្រូ​ន​រយៈពេល​០២​នាទី មុន​បើក​ការ​បាញ់ប្រហារ​មុន​មក​លើ​កងទ័ព​កម្ពុជា នៅ​តំបន់​ប្រាសាទតាមាន់ធំ​» នេះ​បើ​យោង​តាម​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា…

រាជធានី​ភ្នំពេញ ៖ «​ភាគី​ថៃ បាន​បង្ហោះ​ដ្រូ​ន​រយៈពេល​០២​នាទី មុន​បើក​ការ​បាញ់ប្រហារ​មុន​មក​លើ​កងទ័ព​កម្ពុជា នៅ​តំបន់​ប្រាសាទតាមាន់ធំ​» នេះ​បើ​យោង​តាម​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​យោធា​យ៉ាង​កម្រោល សាហាវ ឃោរឃៅ របស់​ព្រះរាជាណាចក្រ​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​យោធា​យ៉ាង​កម្រោល សាហាវ ឃោរឃៅ របស់​ព្រះរាជាណាចក្រ​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​០៦:៣០​នាទី ភាគី​ថៃ បាន​ចាប់ផ្តើម​បង្ក​សកម្មភាព​បំពាន​លើ​កិច្ចព្រមព្រៀង ដែល​បាន​ឯកភាព​គ្នា ដោយ​ឡើង​លើ​ប្រាសាទតាមាន់ធំ ហើយ​លបចូល​រាយ​លួស​បន្លា​តាម​ជើង​ប្រាសាទ​, នៅ​វេលា​ម៉ោង ០៧:០៤​នាទី ភាគី​ថៃ បាន​បង្ហោះ​ដ្រូ​ន រយៈពេល​០២​នាទី ហើយ​នៅ​វេលា​ម៉ោង ០៨:៣០​នាទី ភាគី​ថៃ បាន​ធ្វើការ​បាញ់​ឡើង​លើ បន្ទាប់​មក​នៅ​វេលា​ម៉ោង ០៨:៤៦ នាទី​ព្រឹក​នេះ កងទ័ព​ឈ្លានពាន​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មុន​មក​លើ​កងទ័ព​កម្ពុជា នៅ​តំបន់​ប្រាសាទតាមាន់ធំ និង​ឈាន​ទៅ​បាញ់ប្រហារ នៅ​ប្រាសាទ​តា​ក្របី តំបន់​ភ្នំ​ខ្មោច និង​បាន​ពង្រីក​ភូមិសាស្ត្រ នៃ​ការ​វាយប្រហារ​ទៅ​ដល់​តំបន់​មុំ​បី រួម​ទាំង​ប្រើប្រាស់​យន្តហោះ​ចម្បាំង ទម្លាក់​ចំនួន​០២​គ្រាប់ នៅ​ផ្លូវ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ដែល​បាន​និង​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង ០៨:៤៧​នាទី​ព្រឹក កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ទាហាន​ថៃ ដែល​បាន​បំពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា ។

ការ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និង​ការ​ដាក់​ពង្រាយ​ទាហាន​ដ៏​ច្រើន​លើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​។ សកម្មភាព ដែល​គ្មាន​ការ​ទទួលខុសត្រូវ និង​ខុសច្បាប់​បែប​នេះ បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​បំផុត មិន​ត្រឹមតែ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មូលដ្ឋាន​គ្រឹះ នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផង​ដែរ ។

កម្ពុជា​អំពាវនាវ​ឱ្យ​សមាជិក​សហគមន៍​អន្តរជាតិ ថ្កោលទោស​ដោយ​មិន​ស្ទាក់ស្ទើរ និង​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​ថៃ ហើយ​ត្រូវ​ឱ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កម្រោល​របស់​ខ្លួន​។ កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដក​កម្លាំង​ទៅ​ខាង​ព្រំដែន​របស់​ខ្លួន និង​ជៀសវាង​សកម្មភាព​ឈ្លានពាន ដែល​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង ។

ខណៈ​ពេល​ដែល​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី តាម​រយៈ​មធ្យោបាយ​ផ្លូវច្បាប់ និង​ការទូត ក្រសួងការពារជាតិ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ពេញលេញ​របស់​កង​យោធពលខេមរភូមិន្ទ ដើម្បី​ការពារ​អធិបតេយ្យភាព និង​ប្រជាជន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ យោង​តាម​មាត្រា 51 នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ កម្ពុជា​រក្សា​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ក្នុង​ការ​ការពារ​ខ្លួន ហើយនឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​ឈ្លានពាន​យ៉ាង​កម្រោល​របស់​ថៃ ។

ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព​។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​ក៏​បញ្ជាក់​ឡើង​វិញ​នូវ​សិទ្ធិ​អធិបតេយ្យ​របស់​យើង ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​របស់​យើង ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ កម្ពុជា​នឹង​មិន​ចុះចាញ់​នឹង​ការ​បង្ខិតបង្ខំ ឬ​ការ​បំភិតបំភ័យ​ទោះ​ក្នុង​ទម្រង់​ណាមួយ​ឡើយ ។

រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កម្ពុជា រួបរួម​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការ​ការពារ​ទឹកដី សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យភាព​របស់​យើង​ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។

ក្រសួងការពារជាតិ សូម​អំពាវនាវ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​គ្រប់​ប្រភេទ សូមកុំ​ចែករំលែក​ព័ត៌មាន រូបភាព វី​ដេ​អូ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ជា​ពិសេស​រូបភាព ឬ​ព័ត៌មាន​ដែល​បង្ហាញ​ពី​សកម្មភាព​កងទ័ព លេណដ្ឋាន និង​ការ​ចល័ត​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ