ទីក្រុងហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោកផាំមិញជិញ បានដាក់បញ្ជាស្លាប់-រស់ទោះបីនៅក្នុងតម្លៃណាក៏ដោយត្រូវតែស្វែងរកអ្នកបាត់ខ្លួន៧នាក់ទាំងកណ្ដាលអធ្រាត្រលុះត្រាតែឃើញទើបលោកអស់ចិត្ត។ មានន័យថាបើត្រូវមុជចុះទៅដល់បាតសមុទ្រក៏ត្រូវតែមុជដែរ។ ពេលវេលាជារឿងសំខាន់ណាស់។ ក្រុមអ្នកជួយសង្គ្រោះត្រូវតែរត់ប្រណាំងនឹងពេលវេលាដើម្បីជួយសង្គ្រោះអាយុជីវិតរបស់មនុស្សឱ្យបានឆាប់រហ័សជាទីបំផុតតាមដែលអាចធ្វើទៅបាន។
ហេតុការណ៍លិចកាណូតដឹកអ្នកទេសចរ៤៨នាក់ និងបុគ្គលិកក្រុមហ៊ុន៥នាក់នោះកើតឡើងនៅក្បែរកោះទីតូប (Ti Top) ខេត្តក្វាងនិញ។ ឥឡូវនេះ ពេលវេលាជាក់លាក់ដែលហេតុការណ៍នេះកើតឡើងនៅពេលណាឱ្យប្រាកដមិនទាន់ដឹងច្បាស់ទេ។ ប្រភពខ្លះថាកើតឡើងនៅម៉ោង១:៤៥រសៀល, ខ្លះថានៅម៉ោង២:០០រសៀល និងខ្លះទៀតថានៅម៉ោង៣:៣០រសៀល។
លោកផាំមិញជិញសូមសម្ដែងមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសព។ លោកបានចាត់ឧបនាយករដ្ឋមន្ត្រី លោកចាន់ហុងហា (Tran Hong Ha) ចុះទៅកន្លែងកើតហេតុជាបន្ទាន់ដើម្បីដឹកនាំ-បញ្ជាកម្លាំងចុះប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។ រឿងនេះមិនអាចលេងសើចបានទេព្រោះមូលហេតុអ្វីបានជាបណ្ដោយឱ្យកាណូតចុះទៅសមុទ្រនៅពេលដឹងថានឹងមានខ្យល់ព្យុះបក់មកឆាប់ៗនេះ? សាក្សីនិយាយថានៅពេលកើតហេតុនោះមានខ្យល់កន្ត្រាក់ ភ្លៀង ផ្គរ និងរន្ទះបាញ់ផូងផាំង។ ជាពិសេស ខ្យល់ព្យុះវីផាចាប់ផ្ដើមបក់ទៅដល់សមុទ្រចិនខាងត្បូងហើយ ហើយរង់ចាំតែថ្ងៃដើមសប្ដាហ៍មកដល់នឹងអាលបក់ទៅដល់ប្រទេសវៀតណាមតែម្ដង។
ដើម្បីដោះស្រាយផលវិបាកក្រោយឧបទ្ទវហេតុនេះ លោកផាំមិញជិញបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅក្រសួងការពារជាតិ សហការជាមួយក្រសួងសន្តិសុខសាធារណៈ និងក្រសួងពាក់ព័ន្ធដទៃទៀត ស្ថាប័នរបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវតែធ្វើចលនាប្រភពធនធានដែលមានទាំងប៉ុន្មានប្រកបដោយប្រសិទ្ធភាព។ អាជ្ញាធរត្រូវផ្ដល់ការគាំទ្រ និងការទំនុកបម្រុងសព្វគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយត្រូវតែស៊ើបអង្កេតរកមូលហេតុនៃការលិចកាណូតនេះ។
បើសិនរកឃើញថាធ្វើខុសនឹងបទបញ្ជារបស់អាជ្ញាធរ អ្នកម្ចាស់កាណូត ឬអ្នកទទួលខុសត្រូវដទៃទៀតក៏ត្រូវតែមានបញ្ហាផងដែរ។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពជនរងគ្រោះ៣៤នាក់, រកឃើញអ្នកនៅរស់រានមានជីវិត១២នាក់។ ដូច្នេះ នៅបាត់ខ្លួន៧នាក់ទៀត។ ខាងលើនេះជាការដកស្រង់ប្រភពពីដឹហ្កាឌាន (The Guardian), វៀតណាមផ្លឺស (Vietnam Plus) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ