ខេត្តស្វាយរៀង ៖ លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ជនដែលត្រូវចោទ(ក្រុមក្មេងទំនើង) ក្នុងពន្ធនាគារករណីហិង្សា យកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ និងស្រាល នៅស្រុករំដួល ។
បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល បានអោយដឹង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល
បានទទួលពាក្យបណ្ដឹង ពីអាណាព្យាបាលជនរងគ្រោះ កាលពីថ្ងៃទី១១ កក្កដា ២០២៥ ថា នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ថាមានក្រុមក្មេងទំនើងមួយក្រុម បានយកកាំបិតផ្គាក់ដេញកាប់កូនរបស់ខ្លួន បណ្ដាលអោយរងរបួសធ្ងន់ និងស្រាល០២នាក់ ។
ប្រភពបន្តថា ក្រោយពីទទួលពាក្យប្ដឹងនេះរួចមក កម្លាំងជំនាញស្រុក ដឹកនាំដោយបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្មា និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា ។ ក្រោយពីធ្វើការស្រាវជ្រាវកំណត់បាន សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនក្មេងទំនើងចំនួន ០១នាក់ រួមទាំងវត្ថុតាង កាំបិតផ្គាក់ ០១ដើម និងម៉ូតូ ០១គ្រឿង ។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងខាងលើ បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន ។
បច្ចុប្បន្ន ក្មេងទំនើង ០១នាក់ និងវត្ថុតាង បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានលោកចៅក្រមសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួក្នុងពន្ធនាគារខេត្តរួចហើយ ។ ចំណែកបក្ខពួកជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្តន្ទាទោសឲ្យខាងតែបាន ៕



ចែករំលែកព័តមាននេះ