ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​បទល្មើស​អន​ឡាញ ​២​កន្លែង នៅ​ក្រុង​បា​វិត ​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​២០០​នាក់

13 ម៉ោង មុន

ខេត្តស្វាយរៀង ​៖ ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង​បទល្មើស​អន​ឡាញ​ ២​កន្លែង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​២០០​នាក់ ​ក្នុង​នោះ​រក​ឃើញជនជាតិ​ចិន ៩០​នាក់​, ជនជាតិ​វៀតណាម ៣៥​នាក់​,…

ខេត្តស្វាយរៀង ​៖ ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង​បទល្មើស​អន​ឡាញ​ ២​កន្លែង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​២០០​នាក់ ​ក្នុង​នោះ​រក​ឃើញជនជាតិ​ចិន ៩០​នាក់​, ជនជាតិ​វៀតណាម ៣៥​នាក់​, ជនជាតិ​មី​យ៉ា​ន់​ម៉ា ​១៥​នាក់​, ឡាវ​ម្នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស Online Scam នៅ​ក្រុង​បា​វិត ។

​បើ​តាម ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​ចម្រុះ​ នៃ​រដ្ឋបាល​ខេត្តស្វាយរៀង​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស Online Scam ចំនួន០២​ទីតាំង ៖ ​ទី​១ នៅ​សណ្ឋាគារ​៤​រដូវ និង​ទីតាំង​ទី​២ អគារ​ម៉ា​រី​ណា ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ បាន​រក​ឃើញ​ ជនបរទេស​កំពុង​រស់នៅ​សរុប​ជិត​២០០​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​មាន ​ចំនួន​៩០​នាក់ ស្ត្រី​២៧​នាក់​, ជនជាតិ​វៀតណាម ៣៥​នាក់ ស្ត្រី​៣២​នាក់​, ជនជាតិ​មី​យ៉ា​ន់​ម៉ា​១៥​នាក់ ស្ត្រី​១៣​នាក់​, ឡាវ​ចំនួន​០១​នាក់​ស្ត្រី ​។

ក្នុង​ការ​ចុះ​បង្ក្រាប​ទាំង​០២​ទីតាំង​នេះ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លប​លួច​ប្រព្រឹត្ត​បទល្មើស Online Scams ខណៈ​បាន​រក​ឃើញ​ថា ​មានការ​លួចលាក់​កែ​ច្នៃ ជួញដូរ ប្រើប្រាស់​ និង​រក្សា​ទុក​គ្រឿងញៀន ដែល​ជា​អំពើ​ខុសច្បាប់​ ។

វត្ថុ​តាង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត​ចំពោះ​មេ​ក្លោ​ង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ