រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នៅរាជធានីភ្នំពេញ បណ្តាលឱ្យមានការកើនឡើងនូវតម្រូវការប្រើប្រាស់ និងការបញ្ចេញសំណល់នានា រួមទាំងសំណល់ភក់ពីអាងសិបទិក ផងដែរ ។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំលេខ ០១៤/២៣ សណន.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងលើការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស។ ប៉ុន្តែដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័ស នូវសំណល់ភក់ពីអាងសិបទិក និងការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក តម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការ និងយន្តការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងស៊ុបទិកនេះបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្តាប់ធ្នាប់ល្អ បរិយាកាស បរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង ។
ស្របតាមគោលបំណងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើអាជីវកម្មបូមស្តារដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកឱ្យមានប្រសិទ្ធភាពស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ភាគី និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោម ៖
I. ប្រតិបត្តិករធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
១. រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទឹកនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម ៖ ឈ្មោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គល លេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សំណើ (ថតចម្លង) វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន និងបណ្ណប៉ាតង់ (ករណីនីតិបុគ្គលថតចម្លង) ឈ្មោះ លេខទំនាក់ទំនង អាសយដ្ឋាន និងមុខតំណែងរបស់និយោជិត (ប្រសិនបើមាន) ដោយ ភ្ជាប់ជាមួយប័ណ្ណបើកបរដែលមានសុពលភាពបញ្ជី និងប្រភេទរថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិកប័ណ្ណសម្គាល់យានយន្ត ដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់រថយន្តធ្វើ អាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកវិញ្ញាបនបត្របញ្ជាក់ការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) បញ្ជីសម្ភារបរិក្ខាររួមមាន ឧបករណ៍សុវត្ថិភាព និងឧបករណ៍ការពារ ដែលត្រូវមានសម្រាប់រថយន្ត ធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ដូចភ្ជាប់ក្នុងឧបសម្ព័ន្ធ) រូបថតម្ចាស់សំណើ ។
២. អាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវបានផ្តល់ជូនដោយមិនយកកម្រៃ ហើយត្រូវមាន សុពលភាពរយៈពេល០១ឆ្នាំ និងអាចស្នើសុំបន្តជាថ្មីបានដោយត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាព ក្នុងកំឡុងពេល៣០ថ្ងៃមុនពេលផុតសុពលភាពនៃអាជ្ញាបណ្ណ។ អាជ្ញាបណ្ណនេះ ត្រូវបានផ្តល់ជូន ដោយឡែកៗសម្រាប់រថយន្តផ្តល់សេវាកម្មបូមសំណល់ភក់បង្គន់នីមួយៗ និងមិនអាចផ្ទេរពីរថយន្ត មួយទៅរថយន្តមួយទៀតឡើយ។
៣. ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក អាចស្នើសុំបន្តអាជ្ញាបណ្ណជាថ្មីសម្រាប់រថយន្តបូម សំណល់ភក់ពីអាងសិបទិករបស់ខ្លួនបានដរាបណារថយន្តបូមសំណល់ភក់ពីអាងសិបទិកនោះ បាន ចូលចាក់សំណល់រថយន្តបូមសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទៅ តាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយយ៉ាងតិច ០៦ដងក្នុងមួយខែ ឬ៧២ដងក្នុងមួយឆ្នាំ សម្រាប់រថយន្តនីមួយៗ។
៤. ក្រោយពីទទួលបានអាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ប្រតិបត្តិករមានសិទ្ធិធ្វើអាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងផ្សេងទៀត ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។
៥. ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវអនុវត្តកាតព្វកិច្ចដូចជា៖ សរសេរនាមករណ៍ក្រុមហ៊ុន ឬសេវាកម្ម (សម្រាប់រូបវន្តបុគ្គល) ជាមួយនិមិត្តសញ្ញា លេខទំនាក់ ទំនង និងពាក្យ អាជីវកម្មបូមស្តារសំណល់ភក់ពីអាងសិបទិក- ជាភាសាខ្មែរ នៅលើធុងដែលអាច មើលឃើញពីចម្ងាយដើម្បីសម្គាល់ និងជូនព័ត៌មានជាសាធារណៈ អំពីការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក។
ត្រូវអនុវត្តវិធានការធានាបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងអនាម័យ ដូចខាងក្រោម៖
-ហាមការប្រើប្រាស់រថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិកទៅដឹកជញ្ជូនអ្វីផ្សេងក្រៅពី សំណល់ភក់ពីអាងសិបទិកជាដាច់ខាត។
-ត្រូវធានាគុណភាព និងត្រួតពិនិត្យលើឧបករណ៍សម្ភារប្រើប្រាស់ ក្នុងការធ្វើអាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ជាពិសេស ការតភ្ជាប់ពី សន្ទះធុងទៅបំពង់បូម (ទុយោ) និងពីបំពង់បូម ទៅបំពង់បូមមួយទៀត ដើម្បីចៀសវាង ការលេចធ្លាយ ឬហូរសំណល់ភក់ពីអាងសិបទិកក្នុងពេលប្រតិបត្តិការ។
-ត្រូវសម្អាតជាប្រចាំនូវថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិក និងសម្ភារប្រើប្រាស់ឱ្យ ត្រឹមត្រូវ។
-ត្រូវត្រួតពិនិត្យ និងថែទាំឧបករណ៍ប្រើប្រាស់បូមស្តារដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិក និងឧបករណ៍ការពារសុវត្ថិភាព។
-ត្រូវទទួលការណែនាំបទដ្ឋានបច្ចេកទេសសម្រាប់ការប្រើប្រាស់ឧបករណ៍បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកពីស្ថាប័នជំនាញ។
៦. ប្រតិបត្តិករបូមសំណល់ភក់ពីអាងសិបទិក ត្រូវគោរពតាមនីតិវិធី និងបច្ចេកទេសនៃការបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកដូចខាងក្រោម៖
-ត្រូវមានបុគ្គលិក ០២ (ពីរ) នាក់យ៉ាងតិចក្នុងការបូមស្តារ ការដឹកជញ្ជូន និងការចាក់ចោល សំណល់ពីអាងសិបទិកត្រូវរក្សាទុកបរិមាណសំណល់ភក់បង្គន់ប្រមាណពី ១០% ទៅ ១៥% ឬប្រមាណ ១០ ទៅ១៥ សង់ទីម៉ែត្រ ពីបាតអាងសិបទិក ដើម្បីរក្សាសកម្មភាពពពួកអតិសុខុមប្រាណឱ្យ បានគ្រប់គ្រាន់ និងធានាឱ្យអាងសិបទិកដំណើរការបានត្រឹមត្រូវត្រូវលាងសម្អាតទីកន្លែងបូមសំណល់ភក់ពីអាងសិបទិករបស់អតិថិជនឱ្យបានស្អាតដូច សភាពដើមវិញត្រូវបំពេញទម្រង់បែបបទស្នើសុំចូលចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់រាល់ពេលចូលចាក់ម្តងៗ។
-មិនត្រូវចូលចាក់ក្នុងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នូវសំណល់ភក់ទាំងឡាយណា ដែលមិនមែនជាសំណល់ភក់ពីអាងសិបទិកឡើយត្រូវលាងសម្អាតស៊ីទែនរថយន្តដែលផ្ទុកសំណល់ភក់ពីអាងសិបទិក នៅពីស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ឱ្យស្អាតបន្ទាប់ពីដំណើរចាក់ចោលរួចរាល់។
-ត្រូវមានអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល មានគ្រឿងឧបករណ៍តាម មុខងារគ្រប់គ្រាន់ មានវិធានប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានយន្តូបករណ៍ បច្ចេកទេសគ្រប់គ្រាន់ត្រូវគោរពវិធានការបច្ចេកទេសផ្សេងៗទៀត ដែលណែនាំដោយសមត្ថកិច្ចជំនាញ ដែល បានកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២៤/០០៥ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ (មាត្រាទី៦០) និងលិខិត បទដ្ឋានគតិយុត្ត ផ្សេងៗទៀត។
៧. ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវប្រឈមមុខនឹងការព្រមាន ព្យួរ ដកហូត អាជ្ញាបណ្ណ និង/ឬ តម្រូវឱ្យស្តារបរិស្ថានឡើងវិញ ក្នុងករណីដូចខាងក្រោម៖
-ធ្វើការបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ដោយមិនបានគោរពវិធានការបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងអនាម័យល្អ។
-បើកបររថយន្តដឹកជញ្ជូនសំណល់ភក់ពីអាងសិបទិក ដោយឈប់តាមដងផ្លូវគ្មានសណ្តាប់ធ្នាប់ការដឹកជញ្ជូនសំណល់ភក់ពីអាងសិបទិកដោយមានការលេចធ្លាយតាមដងផ្លូវ និងទីសាធារណៈ៣ការប្រតិបត្តិការបូមស្តារនៅនឹងកន្លែងដោយគ្មានឧបករណ៍សុវត្ថិភាពអប្បបរមា និងមិនគោរពតាម វិធានការបច្ចេកទេសដែលបានកំណត់ការបញ្ចេញចោលនូវវត្ថុធាតុផ្សេងក្រៅពីសំណល់ភក់ពីអាងសិបទិក នៅស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់។
៨. បុគ្គលដែលធ្វើអាជីវកម្មបូមសំណល់ភក់បង្គន់ដោយមិនមានលិខិតអនុញ្ញាត និងដឹកយកទៅចាក់ចោល ខុសទីកន្លែងដែលកំណត់ខាងលើ ត្រូវទទួលការពិន័យអន្តរការណ៍ តាមមាត្រា៤៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
II. ម្ចាស់ទីតាំងបង្កើតសំណល់ភក់ពីអាងសិបទិក
១. ម្ចាស់លំនៅឋាន គ្រឹះស្ថានសាធារណៈ ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម និងផលិតកម្ម ជាអាទិ៍ ត្រូវ ប្រើប្រាស់សេវាកម្មបូមស្តារសំណល់ភក់ពីអាងសិបទិក ពីប្រតិបត្តិករដែលមានអាជ្ញាបណ្ណ បូមស្តារ សំណល់ភក់ពីអាងសិបទិក ចេញដោយរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។
២. ម្ចាស់ទីតាំងបង្កើតសំណល់ភក់ពីអាងសិបទិក ត្រូវចូលរួមសហការជាមួយប្រតិបត្តិករបូមសំណល់ភក់ ពីអាងសិបទិកក្នុងការផ្តល់ជូនព័ត៌មានទូទៅ និងព័ត៌មានអំពីសំណល់ភក់ពីអាងសិបទិករបស់ខ្លួន ដើម្បីបញ្ចូលក្នុងទម្រង់នៃការសុំចូលចាក់ម្តងៗ។
III. មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥
១. ធ្វើការផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករបូមសំណល់ភក់ពីអាងសិបទិកទាំងអស់ឱ្យ មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ឱ្យបានត្រឹមត្រូវ។
២. សម្របសម្រួលដល់កិច្ចដំណើរការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាង សិបទិកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យដំណើរការទៅរលូន និងល្អប្រសើរ។
៣. សម្របសម្រួលដល់ប្រតិបត្តិករដែលធ្វើអាជីវកកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកនៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលចាក់សំណល់ភក់បង្គន់នៅទីតាំងដែលរដ្ឋបាល រាជធានីភ្នំពេញបានកំណត់ខាងលើ។
៤.ោរពតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២៤/ ០០៥ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥. ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការ គ្រប់គ្រងសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករដែលធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកទាំងអស់ នឹងសហការចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងករណីប្រតិបត្តិករដែលធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការ តាមផ្លូវច្បាប់។
ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌ ទាំង១៤ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងប្រតិបត្តិករបូមសំណល់ភក់បង្គន់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ៕











ចែករំលែកព័តមាននេះ