ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ទ​មា្ល​ក់​អត្រាពន្ធ​លើ​ឥណ្ឌូ​ណេ​ស៊ី​ពី ៣២% មក​នៅ​ត្រឹម​១៩%

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ថា លោក​បាន​ដោះស្រាយ​បាន​កិច្ចព្រមព្រៀង​ពន្ធ​មួយ​ផ្សេង​ទៀត…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ថា លោក​បាន​ដោះស្រាយ​បាន​កិច្ចព្រមព្រៀង​ពន្ធ​មួយ​ផ្សេង​ទៀត ដោយ​លើក​នេះ​ជាមួយនឹង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​។

លោក ត្រាំ ថា លោក​បាន​យល់ព្រម​កាត់​បន្ថយពន្ធ​ដែល​បាន​ដាក់​លើ​ទំនិញ​ឥណ្ឌូ​ណេ​ស៊ី​នាំ​ចូល​សហរដ្ឋអាមេរិក​ពី ៣២% មក​តែត្រឹម ១៩% ដូច្នេះ​មាន​ន័យ​ថា អត្រាពន្ធ​ថ្មី​របស់​ឥណ្ឌូ​ណេ​ស៊ី គឺ​ទាប​ជាង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​។ លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ មិន​ត្រូវ​បាន​បញ្ជាក់​ភ្លាម​ៗ ដោយ​ភាគី​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តិចតួច ប៉ុន្តែ​កំពុង​រីក​ចម្រើន​ជាមួយ​សហរដ្ឋអាមេរិក នោះ​ទេ​។ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ​ថា សេចក្តីថ្លែងការណ៍​មួយ​នឹង​ត្រូវ​បាន​ចេញផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

លោក​ប្រធាន​ធិ​បតី ត្រាំ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​បង្ហាញ​អំពី​ផែនការ​ពាណិជ្ជកម្ម​ថ្មី ពាក់ព័ន្ធ​នឹង​អត្រាពន្ធគយ​របស់​លោក ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ពន្យារពេល​ការ​ដំឡើង​ពន្ធ​ដើម​ដែល​ជា​ពន្ធ​កម្រិត​ខ្ពស់​លើ​ទំនិញ​ពី​បណ្តា​ដៃគូ​សំខាន់​ៗ​រហូត​ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ដែល​នេះ​ជា​ការ​ពន្យារពេល​៣​ស​ប្តា​ហ៍​បន្ថែម​ទៀត​ពីលើ​ការ​ពន្យារពេល​ពី​មុន ដែល​បាន​ផុតកំណត់​តាំងពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥ ចំ​ពេល​ពិភពលោក​កំពុង​ច្របូកច្របល់​យ៉ាង​ខ្លាំង​លើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោក​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក ត្រាំ កាលពី​ស​ប្តា​ហ៍​មុន ដោយ​ប្រទេស​មួយ​នេះ នៅ​តែ​រង​ពន្ធ ៣២% ដូចនឹង​អត្រា​ចាស់ ដែល​ត្រូវ​បាន​ប្រកាស​ដំបូង​ដោយ​លោក ត្រាំ កាលពីដើម​ខែមេសា​កន្លង​ទៅ​។

យ៉ាងណាមិញ លោក ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​កាត់​បន្ថយ​អត្រាពន្ធ​លើ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​ពី​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ប្រទេស​នេះ​។ លោក​អះអាង​ថា​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​យល់ព្រម​កាត់​បន្ថយពន្ធ​ពាណិជ្ជកម្ម​របស់​ខ្លួន​សម្រាប់​ផលិតផល​ពី​អា​មេ​រិ​ក ដែល​អា​មេ​រិ​កបាន​ត្អូញត្អែរ​ថា​មាន​តម្លៃ​ខ្ពស់​សម្រាប់​ផលិតផល​កសិកម្ម​ជា​ច្រើន ក៏​ដូច​ជា​ផលិតផល​មួយ​ចំនួន​ផ្សេង​ទៀត​។ លោក ត្រាំ បាន​បញ្ជាក់​តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ត​ញ​សង្គម Truth Social ដូច្នេះ​ថា «​ពួក​គេ (​ឥណ្ឌូ​ណេ​ស៊ី​) នឹង​បង់ ១៩% ហើយ​យើង​នឹង​មិន​បង់​អ្វី​ទាំងអស់​។ យើង​នឹង​មាន​សិទ្ធិ​ពេញលេញ​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​»​។

ជាមួយ​គ្នា​នោះ ឥណ្ឌូ​ណេ​ស៊ី​ក៏​បាន​ឯកភាព​បញ្ជា​ទិញ​ផលិតផល​ថាមពល​ពី​អា​មេ​រិ​ក​នៅ​ក្នុង​ទំហំ​ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ ព្រមទាំង​ផលិតផល​កសិកម្ម ៤,៥​ពាន់​លាន​ដុល្លារ និង​យន្តហោះ Boeing ចំនួន​៥០​គ្រឿង​ផង​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ ឥណ្ឌូ​ណេ​ស៊ី​មិន​បាន​ផ្តល់​ពេលវេលា​ជាក់លាក់ ក្នុង​ការ​បញ្ជា​ទិញ​ផលិតផល​ពី​អា​មេ​រិ​ក​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជ​កម្ម​កំពូល​ទាំង ២៥ របស់​អា​មេ​រិ​ក ដោយ​ប្រទេស​ទាំង​ពីរ​ទំហំ​ពាណិជ្ជកម្ម​ច្រើន​ជាង ៣៨​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ខណៈ​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន ១៧,៩​ពាន់​លាន​ដុល្លារ​៕ ប្រភព ៖ BBC និង CNBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ