ប្រទេសអ៊ីតាលី ៖ កាលពីព្រឹកថ្ងៃទី៨ កក្កដា គ្រោះថ្នាក់គួរឲ្យភ្ញាក់ផ្អើលមួយបានកើតមាននៅលើផ្លូវយន្តហោះនៃព្រលានយន្តហោះMILAN – BERGAMO នាវេលាម៉ោងប្រមាណ១០ម៉ោងក្នុងស្រុក ។
បុរសម្នាក់អាយុប្រមាណជា៣៥ឆ្នាំ បានចូលទៅផ្លូវយន្តហោះ មុនពេលស្រូបចូលក្នុងម៉ាស៊ីនយន្តហោះមួយនាំឲ្យខ្លួនគេត្រូវខ្ទេចអស់ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអ៊ី
តាលីជាច្រើន ក្នុងនោះ មានកាសែតCOURRIERE DELLA SERA។
តាមសារព័ត៌មានទាំងនេះថា ជនរងគ្រោះឃើញរត់យ៉ាងលឿនសំដៅទៅយន្តហោះធុន AIRBUS A319មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អុីតាលីVOLOTEA ដែលត្រូវហោះទៅកាន់ASTURIES ខណៈយន្តហោះនេះ កំពុងរំកិលខ្លួនទៅកាន់ផ្លូវ សម្រាប់រត់ហោះឡើង ។
តាមប្រភពព័ត៌មានពីព្រលានយន្តហោះថា បុរសនោះចាប់ផ្ដើមធ្វើសកម្មភាពតាំងពីខាងក្រៅ
ព្រលានមក ដោយបើករថយន្តបញ្ច្រាសទិសចូលមកខាងក្នុង មុនពេលទុករថយន្តចោល ហើយរត់ចូលទៅខាងក្នុងព្រលានកន្លែងអ្នកដំណើរមកដល់ ស្ថិតនៅជាន់ផ្ទាល់ដី រួចច្រានបើកទ្វារសន្តិសុខទៅកាន់កន្លែងយន្តហោះចត ។
បន្ទាប់ពីសោកនាដកម្មនោះ ប្រតិបត្តិការហោះហើរនៃយន្តហោះក្នុងព្រលាននេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន នៅម៉ោង១០និង២០នាទី មុនពេលបើកឡើងវិញនៅវេលាម៉ោង១២ ។ បច្ចុប្បន្ន កំពុងស៊ើបអង្កេតរឿងនេះពីក្រុមប៉ូលិស ៕
ចែករំលែកព័តមាននេះ