រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានគូបញ្ជាក់ឲ្យដឹងថាកម្ពុជាបានរងឥទ្ធិពលព្យុះចំនួន២ ដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា ព្យុះទី៣ ឈ្មោះ មូន (Mun) T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបប ខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក្តី ក្រសួងធនធានទឹកបានឲ្យដឹងថា ព្យុះមូន និងព្យុះដាណាស នេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ។ ក្រសួងបានបន្ថែមថាស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់ បក់មកពីទិសនិរតីនិងទិសបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥%។
និងនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ខ្យល់ បក់មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៣០%។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។រលឹកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ចែករំលែកព័តមាននេះ