ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៤នាក់ក្នុងចំណោមបក្សពួក០៥នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបានករណីចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូកាន់កាប់អាវុធ សម្រាប់ប្រហារដោយខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ។ ការបង្ក្រាបនេះ ដែលបានធ្វើទ្បើងនៅចំណុចផ្លូវបេតុង ភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។

សមត្ថកិច្ចស្រុកស្អាងបានឲ្យដឹងថា ករណីចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូនេះ ជនរងគ្រោះមានឈ្មោះ ឌឿន គីមសែ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងទូរសព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកសម្ភារបាត់បង់មានដូចជា ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្ដាល1AG-4220 ចំនួន០១គ្រឿង ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានចំនួន០៤នាក់ ក្នុងចំណោមបក្សពួក០៥នាក់ ៖

១-ឈ្មោះ សាក់ ពិសិដ្ឋ ហៅអាបី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន) (អ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូនិងកាន់កាប់អាវុធខុសច្បាប់) មានសារធាតុញៀនវិជ្ជមានធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល
រយៈចំនួនពេល០២ឆ្នាំ ០៦ខែ ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន)។
២-ឈ្មោះ កន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន)(ដឹកអ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ) មានសារធាតុញៀនវិជ្ជមាន ។

៣-ឈ្មោះ ភាព ភាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ
កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន)(ដឹកអ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់) មានសារធាតុញៀនវិជ្ជមាន ។
៤-ឈ្មោះ ចក់ ជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន)(កាន់កាប់អាវុធខុសច្បាប់) មានសារធាតុញៀនវិជ្ជមាន ។
៥-ឈ្មោះ សុន រាជ ហៅមឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ (អ្នកចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូនិងជិះម៉ូតូយកទៅលក់)(គេចខ្លួន)។

ក្នុងនោះ វត្ថុតាងចាប់យក ខ្សែរលួសចំនួន០១ខ្សែ , ដាវកែឆ្នៃចំនួន០១ដើម, ម៉ូតូFTR ពណ៍ ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ1BQ-4404 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង០៥នាទីយប់ ជនរងគ្រោះបានជិះម៉ូតូរបស់ចេញពីផ្ទះរបស់ខ្លួននៅចំណុចភូមិព្រែករ៉ូន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីទៅលេងផ្ទះមិត្តភក្កិ ពេលជិះដល់ចំណុចវេលាម៉ោងកើតហេតុ ស្រាប់ជិះម៉ូតូទាក់នឹងខ្សែលួសរបស់ជនសង្ស័យដែលបានដាក់កាត់ទទឹងផ្លូវបណ្ដាលអោយដួល រួចមានជនសង្ស័យប្រហែល០៣នាក់ បានលើកម៉ូតូរបស់ខ្លួនជិះយកទៅបាត់ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ។

លុះដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៤០នាទីយប់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយជាមួយកម្លាំងប្រជាការពារចុះល្បាតក្នុងភូមិសាស្ត្រ ពេលនោះ បានប្រទះឃើញជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ភាព ភាន់ ឈ្មោះ សាក់ ពិសិដ្ធ និងឈ្មោះ ចក ជាតិ កំពុងជិះម៉ូតូម៉ាកFTR នៅចំណុចនោះទៀត ដោយមានការសង្ស័យបានធ្វើការត្រួតពិនិត្យ រកឃើញដាវកែឆ្នៃចំនួន០១ដើម រួចបានឃាត់ជនសង្ស័យទាំង០៣នាក់ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។ ទើបព្រឹកឡើងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចយើងបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះ កន កក្កដា យកធ្វើការសាកសួរបន្ថែម ។

សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សាក់ ពិសិដ្ឋ ឈ្មោះ ភាព ភ័ណ្ឌ និងឈ្មោះ កន កក្កដា បានសារភាពថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង១៥នាទីយប់ ចំណុចកើតហេតុបក្សពួក និងឈ្មោះ សុន រាជ ហៅមឿន ពិតជាបានធ្វើសកម្មភាព ចងខ្សែលួសកាត់ទទឹងផ្លូវប្លន់យកម៉ូតូរបស់ជនរគ្រោះ ប្រាកដមែន ។
បញ្ជាក់ដោយឈ្មោះ សាក់ ពិសិដ្ឋ និងឈ្មោះ សុន រាជ ហៅមឿន ជាអ្នកចងខ្សែលួសកាត់ទទឹងផ្លូវ និងយកម៉ូតូទៅលក់ ហើយឈ្មោះ កន កក្ដដា និងឈ្មោះ ភាព ភ័ណ្ឌ ជាអ្នកបើកម៉ូតូ ។ ចំណែកឯជនសង្ស័យឈ្មោះ ឈ្មោះ ចក់ ជាតិ ហៅម៉ាប់ ពាក់ពន្ធ័ករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយខុសច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ